ព័ត៌មានជាតិ

តុលាការនឹងបន្តសវនាការសំណ៊ំរឿង លោកស្រី ថាក់ ឡានី នៅដើមខែក្រោយ

ភ្នំពេញៈ ក្រោយពីធ្វើការដេញដោលសាក្សីដាក់បន្ទុក និងដោះបន្ទុក ចំនួន ៨នាក់ពេញមួយរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ នេះលោក អ៊ី ថាវរៈ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញបាន សម្រេចលើកពេលបន្តសវនាការសំណុំរឿង លោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី បរិហារកេរ្តិ៍ ប្រមុខរាជរដ្ឋាភិបាល ទៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខ។

នៅក្នុងសវនាការនារសៀលនេះមានសាក្សីដាក់បន្ទុកចំនួន ៥នាក់រួមមាន ទី១ឈ្មោះ កែវ សំតូច ទី២ឈ្មោះ កាហាំ ទី៣ឈ្មោះ កាសាក់ មករា ទី៤ឈ្មោះ ឡើយ ប៊ុនទី និងទី៥ឈ្មោះ ម៉ៅ សុន។ សក្សីទាំង៥នាក់សុទ្ធតែអះអាងថា លោកស្រី ថាក់ ឡានី ជនជាប់ចោទពិតជាបានចោទសម្តេចតេជោ ហ៊ុន សែន ជាអ្នកបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ពិតប្រាកដមែន គឺដូចអ្វីដែលមាននៅក្នុងវីដេអីឃ្លីបបានបង្ហាញ។
ដោយឡែកសាក្សីដោះបន្ទុក ចំនួន ៣នាក់ រួមមានទី១ឈ្មោះ ស្វិន វ៉េវ ជាម្ចាស់ផ្ទះកើតហេតុ ទី២ឈ្មោះ ខាត់ សុជាតិ និងទី៣ឈ្មោះ ធឿន ប៊ុនថន បានថ្លែងទទួលស្គាល់ថា សម្លេង និងរូបនៅក្នុងវីដេអូឃ្លីបគឺពិតជាលោកស្រី ថាក់ ឡានី ពិតមែន ប៉ុន្តែពួកគេអះអាងថា សម្លេងលោកស្រី ថាក់ ឡានី ហាក់ដាច់បាត់ចំណុចមួយចំនួន ដូចជាមានគេកាត់ត។

ក្រោយសវនាការលោក សំ សុគង់ មេធាវីតំណាង និងការពារសិទ្ធិលោកស្រី ថាក់ ឡានី បានថ្លែងថា សវនាការនេះហាក់ទទួលយកបានខ្លះ និងទទួលយកមិនបានខ្លះ ដោយសារតែសិទ្ធិរបស់លោកជាមេធាវីការពារជនជាប់ចោទហាក់ត្រូវបានកាត់បន្ថយ និងមិនមានឱកាសតាំងសំនួរទៅកាន់សាក្សីដោយលោកតំណាងអយ្យការតែងតែជំទាស់ ជាដើម។

សូមបញ្ជាក់ថា លោក លី សុផាណា តំណាងអយ្យការបានចោទប្រកាន់លោកស្រី ថាក់ ឡានី បទ បរិហារកេរ្តិ៍ជាសាធារណៈ និងបទ ញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមរយៈពាក្យសំដីក្នុងវីដេអូខ្លីបរបស់លោកស្រី ថាក់ ឡានី កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅ ត្រូវបានគេបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកដែលលោកស្រីបានថ្លែងទៅកាន់ប្រជាពលរដ្ឋនៅឯខេត្តរតនគិរីដោយមានខ្លឹមសារថា “ហើយឥឡូវនឹងលោក ហ៊ុន សែន មិនដឹងគិតយ៉ាងម៉េចទៀតទេ នៅមិននៅ ចុះឡើង ចុះឡើង ទៅបាញ់លោក គឹម ឡី អ្នកវិភាគនយោបាយ …………” បទល្មើសដែលមានចែងឱ្យផ្តន្ទាទោសតាមមាត្រា ៣០៥ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ៕

https://youtu.be/LOF7pUCsiV8

thaklany

មតិយោបល់