ព័ត៌មានជាតិ

ម្ដាយផ្អើកឆោទ្បោបាត់កូនស្រីអាយុ ៣ឆ្នាំ ពេលចុះរាវរក នៅកំពង់ទឹកក្រោយផ្ទះ ក៏ប្រទះឃើញសព..

កណ្ដាល: កាលពីវេលាម៉ោង ៦ និង ៣៥ នាទីល្ងាចថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ ២០២១ ត្រង់ចំណុចដងទន្លេសាប កំពង់ទឹកក្រោយផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិសង្វរ ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្ដាល មានករណីក្មេងលង់ទឹកស្លាប់។

ជនរងគ្រោះឈ្មោះ សុខ ចាន់ឌឿន ភេទស្រី អាយុ ៣ឆ្នាំ មានឪពុកឈ្មោះសុខ សុភាអាយុ ៣០ ឆ្នាំ មុខរបរ នេសាទ និង
ម្ដាយឈ្មោះ ចិន សុខនី អាយុ ៤១ ឆ្នាំ មុខរបរលក់ដូរ ទីលំនៅភូមិឃុំកើតហេតុ។

ដំណើររឿង៖ នាវេលាកើតហេតុ ម្ដាយជនរងគ្រោះ បានទៅបោកខោអាវ នៅលើបែរទឹក ដោយទុកកូនស្រី នៅលេងនៅលើនៅផ្ទះ ជាមួយជីតានិងម្តាយមីង។ លុះពេលខ្លួនត្រឡប់មកវិញ មិនឃើញកូន ក៏នាំគ្នាផ្អើលឆោឡោ ដើររក និងចុះរាវរក នៅកំពង់ទឹកក្រោយផ្ទះ ក៏ប្រទះឃើញ ជនរងគ្រោះនៅក្នុងទឹក។

ភ្លាមៗនោះ ក្រុមគ្រួសារជនរងគ្រោះ បានបញ្ជូនជនរងគ្រោះ ទៅដល់មន្ទីរពេទ្យ ប៉ុន្តែគ្រូពេទ្យបានប្រាប់ថា ជនរងគ្រោះបានស្លាប់ហើយ ទើបដឹកសពមកផ្ទះវិញ រួចក៏រាយការណ៍ទៅសមត្ថកិច្ច។

ក្រោយមកផ្នែកជំនាញពិនិត្យវិភាគកន្លែងកើតហេតុ បានសហការជាមួយមេឃុំមេភូមិគ្រូពេទ្យមណ្ឌល និងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់លួង បានធ្វើការពិនិត្យយ៉ាងម៉ត់ចត់ឃើញថា សព ពុំមានស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ ទើបសន្និដ្ឋានថា ស្លាប់ដោយសារលង់ទឹកប្រាកដមែន។

បន្ទាប់មកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់