ភ្នំពេញៈ សន្តិសុខភោជនីយដ្ឋានព្រីនម៉ាទីនម្នាក់ បានបើករថយន្តភ្ញៀវយកទៅចតនៅមុខហាងមីហឹល ដែលនៅទល់មុខភោជនីយដ្ឋានខ្លូនខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលបុកចូលក្នុងហាងធ្លុះទ្វារ បែកកញ្ចក់រាយប៉ាយពេញហាងបន្តទៅបុកម៉ូតូចំនួន ២គ្រឿងទៀតនៅខាងក្នុងរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១១យប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវលេខ៥៩៨ កែងនិងផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
រថយន្តបង្កម៉ាក កាម៉ារីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2R-9169 រងការខូចខាតមួយកំណាត់មុខ។
យោងតាមប្រភពពីកន្លែងកើតហេតុ បានប្រាប់អោយដឹងថា មុនកើតហេតុគឺពួកគាត់ឃើញរថយន្តបង្កខាងលើ ធ្វើដំណើរមកឈប់មុខភោជនីយដ្ឋានព្រីនម៉ាទីន ហើយមានភ្ញៀវប្រុសៗជាច្រើននាក់ បានដើរចូលក្នុងភោជនីយដ្ឋានបន្ទាប់មកក៏មានសន្តិសុខម្នាក់ បានឡើងបើករថយន្តភ្ញៀវយកទៅចតទុកនៅមុខហាងមីហឹលកើតហេតុ ដែលមានទីតាំងនៅទល់មុខភោជនីយដ្ឋាននោះ ពេលសន្តិសុខបើកទៅដល់មុខហាងមីហឹលកន្លែងចតរថយន្ត មិនដឹងជាមានបញ្ហាអ្វីនោះទេ ស្រាប់តែរថយន្តស្ទុះទៅមុខយ៉ាងលឿនបុកធ្លុះទ្វារហាង បែកកញ្ចក់រាយប៉ាយប៉ាយពេញហាង ធ្លាយដល់ខាងក្នុងបុកតុកៅអីខូចខាតជាច្រើន និងបន្តទៅបុកម៉ូតូម៉ាកឌ្រីមសង់ចំនួន ២គ្រឿង ដែលចតទុកនៅក្នុងហាង បណ្តាលឲ្យរងការខូចខាតបែកក្បាំងថែមទៀត ប៉ុន្តែនៅក្នុងហេតុការណ៍នោះ មិនបណ្ដាលអោយនណាម្នាក់រងរបួសឡើយ។
ក្រោយពីកើតហេតុសន្តិសុខ ដែលបើករថយន្តបានគេចចេញពីកន្លែងកើតហេតុ ហើយមានតំណាងភោជនីយដ្ឋានចេញមុខដោះស្រាយ ជំនួសជាមួយហាងរងគ្រោះដោយភោជនីយដ្ឋាន និងហាងមីហឹលនោះជាអ្នកស្គាល់គ្នា ទើបពួកគាត់ដោះស្រាយគ្នាបញ្ចប់រឿងដោយមិនរំខានដល់សមត្ថកិច្ច៕
មតិយោបល់