ព័ត៌មានជាតិ

ជនសង្ស័យ ៥នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីកាប់ប្លន់ម៉ូតូ

តាកែវៈ រយៈពេល៣ថ្ងៃ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ក្រោមការដឹកនាំចង្អុលបង្ហាញរបស់លោក សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពីសំណាក់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បានស្រាវជ្រាវបង្ក្រាបមុខសញ្ញាចំនួន ៥នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធអំពើលួចមានស្ថានទម្ងន់ទោស(កាប់ប្លន់ម៉ូតូ)។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ១១និង៤០នាទី នៅលើផ្លូវជាតិលេខ៣ ត្រង់ចំណុចស្ពានយាយឡ ស្ថិតនៅក្នុងភូមិយាយឡ ឃុំត្រាំកក់ ស្រុកត្រាំកក់ មានករណីលួចមានស្ថានទម្ងន់ទោសមួយ ដែលបង្កឡើងដោយជនសង្ស័យមួយក្រុម មានគ្នាចំនួន ៥នាក់ ជិះម៉ូតូ ២ គ្រឿងប្រដាប់ដោយដាវបានស្ទាក់កាប់ទៅលើជនរងគ្រោះចំនួន ២នាក់ ខណៈពេលដែលជនរងគ្រោះ ធ្វើដំណើរតាមផ្លូវត្រឡប់មកពីកម្មវិធីឡើងផ្ទះបងប្អូននៅផ្សារបាំង្កសី ប្លន់យកម៉ូតូ០១គ្រឿង ម៉ាក ហុងដាឌ្រីម C125 ស៊េរីឆ្នាំ 2012 ឡើងតែម ឆ្នាំ2020 បិតស្គុតស ពាក់ផ្លាកលេខ ភ្នំពេញ 1BL-0155 ហើយបានគេចខ្លួនបាត់អស់។

ជនរងគ្រោះទី១ ឈ្មោះស៊ឹម ថេម ភេទប្រុស អាយុ ៣៦ឆ្នាំ នៅភូមិខ្នាចរមាស ឃុំនរាយណ៍ ស្រុកឈូក ខេត្តកំពត ត្រូវរបួសដៃឆ្វេងនិងខ្នងពីក្រោយ និងទី២ ឈ្មោះ ហួន តុល ភេទប្រុស អាយុ ៣១ឆ្នាំ នៅភូមិឃុំជាមួយគ្នា រងរបួសត្រង់ស្មាឆ្វេង។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញបានចុះប្រតិបត្តការស្រាវជ្រាវរហូតដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងជំនាញបានកំណត់មុខសញ្ញា និងឃាត់ខ្លួនជនសង្ស័យម្នាក់ មានឈ្មោះ មាស ប៊ុននី ភេទប្រុស អាយុ ១៩ឆ្នាំ នៅឃុំតាលឿ ឃុំឧត្តមសុរិយា ស្រុកត្រាំកក់ បន្ទាប់ពីសាកសួររួចថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងជំនាញបានបន្តស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ បន្ថែមទៀតរួមមាន៖
ទី១ឈ្មោះ យន់ វឌ្ឍនា ហៅរ៉ា ភេទប្រុសអាយុ ១៥ឆ្នាំ នៅភូមិបាក់កូដ ឃុំលាយបូរ ស្រុកត្រាំកក់ ។
ទី២ឈ្មោះ ង៉ែត សុខសំបូរភេទប្រុស អាយុ ១៨ឆ្នាំ នៅភូមិតាលឿ ឃុំឧត្តមសុរិយា ស្រុកត្រាំកក់។
ទី៣ឈ្មោះ អៀង សុភ័ក្រ ភេទប្រុសអាយុ ២០ឆ្នាំនៅភូមិព្រៃរំដេង ឃុំអង្គតាសោម ស្រុកត្រាំកក់ ។
ទី៤ឈ្មោះ ផល ថុលសុណៃទ្រីភេទប្រុស អាយុ ១៦ឆ្នាំ នៅភូមិធ្យា ឃុំលាយបូរ ស្រុកត្រាំកក់ ។

ដកហូតវត្ថុតាងរួមមាន៖ ម៉ូតូចំនួន ០៤គ្រឿង ក្នុងនោះម៉ូតូមួយគ្រឿងម៉ាក Dream C125 ស៊េរីឆ្នាំ2012 ស្លាកលេខ ភ្នំពេញ 1BL.0155 ត្រូវបានប្រគល់ជូនជនរងគ្រោះ ។ បច្ចុប្បន្នជនសង្ស័យទាំង ៥នាក់ កម្លាំងជំនាញកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី៕

មតិយោបល់