ព័ត៌មានជាតិ

កុងតឺន័ររេចង្កូតបុករថយន្ត ជ្រុលទៅបុកចូលផ្ទះ វេរប្រាក់ Wing ទាំងព្រឹក នៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ: កាលពីម៉ោង ៤ទៀបភ្លឺឈានចូលថៃ្ងទី១២ ខែកុម្ភ: ឆ្នាំ២០២១ លើកំណាត់ផ្លូវជាតិលេខ៤ PK 4 2 + 5 0 0 នៅចំណុចភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង មានរថយន្ដ០១គ្រឿង ម៉ាក FUSO ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 3E-3936 សណ្ដោងសឺមីរ៉ឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 4A-5074 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (គេចខ្លួនក្រោយកើតហេតុ) បើកបរពីលិចទៅកើត មកដល់ចំណុចខាងលើ បានបុករថយន្ដ ១គ្រឿង ម៉ាក TUNDRA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AJ-7909 អ្នកបើកបរឈ្មោះ ថូម៉ាស់ ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិ ជនបរទេស ស្នាក់នៅរាជធានីភ្នំពេញ ។

ក្នុងហេតុការណ៍គ្រោះថ្នាក់ខាងលើ ជនរងគ្រោះជាប់ក្នុងរថយន្ដ អ្នករួមដំណើរឈ្មោះ ឈិន ស្រីស្រស់ ភេទស្រី អាយុ ២៥ឆ្នាំ រស់នៅភូមិភានសា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបានសមត្ថកិច្ចនគរបាល ជួយអន្ដរាគមន៍សង្រ្គោះបន្ទាន់ចេញពីក្នុងរថយន្ដ រួចបញ្ជូនទៅមន្ទីរពេទ្យ។

តាមរបាយការណ៍ជំនាញ រថយន្តសណ្ដោងសឺមីរ៉ឺម៉ក បើកបរបញ្ច្រាសទិស រេចង្កូតចូលទៅផ្នែកខាងឆ្វេង បុករថយន្ដដែលបើកបញ្រ្ចាសទិសគ្នារុញចូល ទៅខាងក្នុងផ្ទះវេរប្រាក់ Wing ។

បច្ចុប្បន្ន មធ្យោបាយបង្ក យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងទង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

មតិយោបល់