ព័ត៌មានជាតិ

ជនជាតិចិនប្រុសស្រី ១គូ បើករថយន្តស៊េរីទំនើបម៉ាកផច ១គ្រឿង បុករថយន្ត highlander បណ្ដាលឲ្យធ្លាក់ផ្លូវក្រឡាប់ផ្ងារជើងម្ខាង

ភ្នំពេញ: បុរសជនជាតិចិនម្នាក់រួមដំណើរនារីជនជាតិចិនម្នាក់ទៀតសង្ស័យស្រវឹងស្រាធ្លាក់ភ្នែកបើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកផច ជ្រុលទៅបុកជាមួយរថយន្តហាយលេនឌ័របញ្ឆិតផ្នែកខាងមុខ បណ្ដាលឲ្យរថយន្ដផច ធ្លាក់ផ្លូវចូលដីឡូត៍មួយកន្លែងត្រាំទឹកទាំងយប់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៣ទៀបភ្លឺឈានចូលថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ ៣០ម៉ែត្រ កែងនឹងផ្លូវបេតុងក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់ បើករថយន្តស៊េរីទំនើបម៉ាក ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2H-0537 ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងទឹកតៅពីលិចទៅកើត មកដល់ចំណុចកើតហេតុខាងលើ បានជ្រុលចង្កូតទៅបុកជាមួយរថយន្តហាយលេនឌ័រ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2AS-0218 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ ៣០ម៉ែត្រ ទិសដៅពីត្បូងទៅជើងបញ្ឆិតផ្នែកខាងមុខខាងឆ្វេងពេញទំហឹងបណ្ដាលឲ្យរថយន្តផច ធ្លាក់ផ្លូវចូលដីឡូត៍ត្រាំទឹកផ្ងាជើងម្ខាង និងបណ្តាលបើកបររងរបួសស្រាល ចំណែករថយន្តហាយលេនឌ័ររងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ច បានចុះដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

មតិយោបល់