ព័ត៌មានជាតិ

បុរស​ម្នាក់​ដេក​ស្លាប់​ក្រោមផ្ទះ​បងប្អូន ដោយសារ…

​ពោធិ៍សាត់ៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរស​វ័យ​៤០​ឆ្នាំ​ម្នាក់​ដេក​ស្លាប់​ក្រោម​សំយាបផ្ទះ​ប្អូនស្រី​ជីដូនមួយ​របស់​ខ្លួន​ដោយ​សង្ស័យ​ថា​ខ្យល់គរ​ ធ្វើ​ឲ្យ​មានការ​ភ្ញាក់​ផ្អើ​ដល់​អ្នកស្រុក​និង​អាជ្ញាធរ​ចុះ​ដល់​កន្លែង​កើតហេតុ​ ។​ ករណី​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​០៥​នាទី​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៥​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ ស្ថិត​ក្នុងភូមិ​អូរ​បាក់​ត្រា​ ឃុំ​ព្រ​ងិ​ល​ ស្រុក​ភ្នំក្រវាញ​ ខេត្តពោធិ៍សាត់​ ។​

​សមត្ថកិច្ច​នគរបាល​រដ្ឋបាល​ និង​លោក​មេឃុំ​ព្រ​ងិ​ល​បាន​ឲ្យ​ដឹង​ថា​ ក្រោយ​ពី​សមត្ថកិច្ច​បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា​ មាន​មនុស្ស​ដេក​ស្លាប់​ក្រោម​សំយាបផ្ទះ​ដោយ​សង្ស័យ​(​ខ្យល់គរ​)​ នៅ​ចំណុច​ភូមិ​អូរ​បាក់​ត្រា​ ឃុំ​ព្រ​ងិ​ល​ ស្រុក​ភ្នំក្រវាញ​ ខេត្តពោធិសាត់​ និង​ មានការ​សម្របសម្រួល​ពី​ឯកឧត្តម​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ សមត្ថកិច្ច​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ធ្វើការ​ពិនិត្យ​យ៉ាង​យកចិត្តទុកដាក់​ហើយ​សន្និដ្ឋាន​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ម៉​ន​ វិ​ប​ ភេទ​ប្រុស​ អាយុ​៤០​ឆ្នាំ​ រស់នៅ​ភូមិ​អូរ​ស្រាវ​ ឃុំ​ព្រ​ងិ​ល​ស្រុក​ភ្នំក្រវាញ​ខេត្តពោធិ៍សាត់​ បាន​ដេក​ស្លាប់​នៅ​លើ​គ្រែ​ក្រោម​សំយាបផ្ទះ​របស់​ប្អូនស្រី​ជីដូនមួយ​របស់​ខ្លួន​ ឈ្មោះ​ អ៊ី​ រ៉ា​ន់​ អាយុ​៣២​ឆ្នាំ​ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​ ។​

​ការ​ចុះ​ពិនិត្យ​នេះ​ នគរបាល​មូលដ្ឋាន​បាន​សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​បច្ចេកទេស​វិទ្យាសាស្ត្រ​ខេត្ត​ កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ខេត្ត​ បាន​ចុះ​ទៅ​ធ្វើការ​ពិនិត្យ​សាកសព​នៅ​កន្លែង​កើតហេតុ​ រួច​សន្និដ្ឋាន​បាន​ថា​ ករណី​ដេក​ស្លាប់​របស់​ជន​រង​គ្រោះ​ឈ្មោះ​ម៉​ន​ វិ​ប​ គឺ​ ពិតជា​ករណី​ស្លាប់​ ដោយ​ខ្យល់គរ​ពិតប្រាកដ​មែន​។​

ក្រោយ​ពី​សមត្ថកិច្ច​បាន​ធ្វើការ​ពិនិត្យ​ដឹង​ពី​មូលហេតុ​នៃ​ការ​ស្លាប់​ របស់​ជន​រង​គ្រោះ​ រួច​មក​ សមត្ថកិច្ច​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​សាកសព​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

មតិយោបល់