ពោធិ៍សាត់ៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងជំនាញនគរបាលក្រុងពោធិ៍សាត់ចុះស្រាវជ្រាវ និងបានចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ ០១គ្រឿង ម៉ាកហុងដាវេវអាហ្វា ពណ៌ក្រហម នៅចំណុចផ្ទះសំណាក់មានជ័យ ស្ថិតនៅភូមិពោធិ៍តាគួយ សង្កាត់លលកស ក្រុងពោធិ៍សាត់ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១១និង៣០នាទី ។
បន្ទាប់ពីទទួលបានព័ត៌មាននេះ លោកវរសេនីយ៍ឯក យឹម ស៊ាងហៃ អធិការនគរបាលក្រុងពោធិ៍សាត់ បានបញ្ជាអោយកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ស្រាវជ្រាវតាមរកមុខសញ្ញា ។ លុះដល់ម៉ោង២៤និង០៥នាទី ឈានចូលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ បានចុះធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ឌី ចាន់ហៀង ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិឈើទាលខ្ពស់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ត្រង់ចំណុចផ្ទះសំណាក់សែនសុខ ស្ថិតនៅភូមិចំការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ។
លោកអធិការនគរបាលក្រុង យឹម ស៊ាងហៃ បានឲ្យដឹងថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ឌី ចាន់ហៀង បានសារភាពថា ខ្លួនពិតជាបានលួចម៉ូតូ ម៉ាកខាងលើពិតប្រាកដមែន ។ បន្ទាប់ពីបានចម្លើយជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្នាននគរបាលក្រុងពោធិ៍សាត់ដើម្បីចាត់ការតាមនីតិវិធី ៕




មតិយោបល់