ព័ត៌មានជាតិ

រថយន្តឡិចស៊ី២គ្រឿង របស់មន្ត្រីក្រសួងសេដ្ឋកិច្ច និងវិស្វករបុកគ្នា បណ្តាលឲ្យខ្ទាតទៅបុកថ្មទ្រូងផ្លូវ រងការខូចខាត

ភ្នំពេញ: រថយន្តម៉ាកឡិចស៊ីស RX.៣០០ មួយគ្រឿងបានបើកបោះពួយ ក្នុងល្បឿនលឿន បានជ្រុលទៅ បុកពីក្រោយរថយន្តឡិចស៊ី RX.៤០០h មួយគ្រឿង ដែលកំពុងតែបត់ត្រឡប់ក្រោយ រួចក៏បានជ្រុល ទៅបុករបាំងថ្មខណ្ឌចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់ខ្ទេចចេញ១កង់ និងជាប់ទៅមុខលែងរួច ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១និង២០នាទីរសៀលថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវលេខ៥៩៨ កែងផ្លូវបេតុង ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ហេតុការណ៍ខាងលើនេះ មានរថយន្តម៉ាកឡិចស៊ីស RX300 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AK 3654 បើកបរដោយឈ្មោះ ធៀង សិរីបុត្រ អាយុ២៩ឆ្នាំ មុខរបរវិស្វករ ស្នាក់នៅភូមិ៤ សង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ និងរថយន្តមួយគ្រឿងទៀត ម៉ាកលុចស៊ីស RX 400h ពាក់ស្លាកលេខភ្នំពេញ 2BC 7560 បើកបរដោយឈ្មោះ រ៉ុង មករា អាយុ៣៥ឆ្នាំ មុខរបរមន្ត្រីក្រសួងសេដ្ឋកិច្ច នៅភូមិព្រែកតាជ្រូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ។

តាមសាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាកឡិចស៊ីស RX.៣០០ ពណ៌សមួយគ្រឿង បានធ្វើដំណើរ តាមផ្លូវលេខ៥៩៨ ក្នុងទិសដៅពីជើង ទៅត្បូងដោយល្បឿនលឿន នៅពេលមកដល់ចំណុច កើតហេតុ ក៏បានជ្រុលទៅបុកពីក្រោយរថយន្តម៉ាកឡិចស៊ីស RX.៤០០h ពណ៌ស ដែលធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ហើយ បត់ត្រឡប់ក្រោយវិញ ។

សាក្សីដដែលបន្តទៀតថា បន្ទាប់ពីកើតមានគ្រោះថ្នាក់រថយន្តម៉ាកឡិចស៊ី RX.៣០០ ក៏បានជ្រុលចង្កូតទៅឆ្វេងដៃ បុករបាំងថ្មខណ្ឌចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់មួយកង់ខ្ទាតចេញ ហើយរថយន្តបុកជាប់ នឹងរបាំងថ្មមួយកង់ទៀត បណ្តាលឲ្យខ្ទេចមុខ បែកកង់បាក់យ៉ាន់ទៅបុកលែង រួច ។ ករណីគ្រោះថ្នាក់នេះ ពុំបណ្តាលឲ្យមនុស្ស រងរបួសនោះឡើយ ។ បន្ទាប់ពីគ្រោះថ្នាក់ នគរបាលមូលដ្ឋាន ក៏បានទាក់ទងទៅនគរបាលចរាចរណ៍ ចុះទៅស្ទួចរថយន្តបញ្ជូន ទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បី ដោះស្រាយសងការខូចខាចទ្រព្យសម្បត្តិសាធារណ: ៕

មតិយោបល់