ព័ត៌មានជាតិ

ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ ត្រូវបានមន្ត្រីជំនាញរកឃើញ នៅផ្សារចុងកាល់ និងផ្ទះលក់ទំនិញនានា ក្នុងភូមិ

ឧត្តរមានជ័យៈ យោងតាមផេកអគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ CCF បានឲ្យដឹងថា នៅថ្ងៃអង្គារ ៥កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ មន្ត្រីសាខា ក.ប.ប. ខេត្តឧត្តរមានជ័យ ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ និងត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់ នៅផ្សារចុងកាល់ និងផ្ទះលក់ទំនិញនានា ក្នុងភូមិចុងកាល់ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។ គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បីស្រាវជ្រាវទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់។

ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានការធ្វើវិភាគបឋមទៅលើគំរូម្ហូបអាហារមួយចំនួន ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញក៏បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមរបស់ទំនិញនៅលើសម្បកវេចខ្ចប់ផងដែរ។

  • ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ ប្រមាណ ៧៣.៨០គីឡូក្រាម រួមមាន៖
  • ស្រាបៀរចម្រុះ ចំនួន ៦០កំប៉ុង ស្មើនឹង ១៩.៨លីត្រ
  • ទឹកក្រូចចម្រុះ ចំនួន ១៤ដប ស្មើនឹង ៦.២៨លីត្រ
  • គោជល់ ចំនួន ២០ដប ស្មើនឹង ៦.៦លីត្រ
  • កាហ្វេNestle ចំនួន ២កែវ ស្មើនឹង ០.២០គីឡូក្រាម
  • ទឹកអំពិលទុំ ចំនួន ១២កំប៉ុង ស្មើនឹង ២.៨៨លីត្រ
  • ត្រីខកំប៉ុង ចំនួន ១៤កំប៉ុង ស្មើនឹង ៤.៤៨គីឡូក្រាម
  • ពោតកំប៉ុង ចំនួន ២៨កំប៉ុង ស្មើនឹង ១៥.១២គីឡូក្រាម
  • ម្សៅស៊ុបខ្នុរ ចំនួន ៥៧កញ្ចប់ ស្មើនឹង ៩.១៨គីឡូក្រាម
  • តៅហ៊ូកែវ ចំនួន ១១កែវ ស្មើនឹង ៥.៥គីឡូក្រាម
  • ទឹកសៀង ចំនួន ៤ដប ស្មើនឹង ៣.៧៦លីត្រ។

បន្ទាប់មក មន្ត្រីសាខា ក.ប.ប. បានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកមករក្សាទុកដើម្បីកម្ទេចចោលនៅពេលក្រោយ។ ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

មតិយោបល់