ព្រះវិហារៈ យោងតាមផេករបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រគួតប្រជែង និងបង្រ្កាបការក្លែងបន្លំCCF បានឲ្យដឹងថា នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ មន្ត្រីសាខា ក.ប.ប. ខេត្តព្រះវិហារ ដោយមានកិច្ចសហការចូលរួមជាមួយពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ បានបន្តចុះត្រួតពិនិត្យ និងផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ម្ហូបអាហារវេចខ្ចប់ស្រាប់ នៅផ្សារឆែប ឃុំឆែបលិច ស្រុកឆែប ខេត្តព្រះវិហារ។
គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បីស្រាវជ្រាវទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់។
ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើមួយចំនួនរួមមាន៖
-មឹក ៧កញ្ចប់ ស្មើនឹង ០.១៤គីឡូក្រាម
-គ្រប់ឈូករ័ត្ន ១៥កញ្ចប់ ស្មើនឹង ០.១២គីឡូក្រាម
-ទឹកស៊ីរ៉ូ ៨ដប ស្មើនឹង ០៦លីត្រ
-មី ១០កញ្ចប់ ស្មើនឹង ០.៦៩គីឡូក្រាម។
បន្ទាប់មកមន្ត្រីសាខា ក.ប.ប. ខេត្តព្រះវិហារបានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុកដើម្បីធ្វើការដុតកម្ទេចចោល។ ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕
មតិយោបល់