ព័ត៌មានជាតិ

ឃាត់ខ្លួនបងប្រុសម្នាក់ ករណីធាក់ប្អូនបង្កើតរបស់ខ្លួន បណ្តាលឲ្យដួលបោកក្បាល សន្លប់បាត់ស្មារតី

​កណ្ដាល: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃព្រហស្បតិ៍ ១១កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង ២១ និង ០០នាទី មានករណីហិង្សាដោយចេតនា ចំណុចផ្លូវបេតុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនរងគ្រោះ(ប្អូនបង្កើត)ឈ្មោះ​ ម៉ាន់ សុភ័ស្ស ភេទប្រុស អាយុ៤៧ឆ្នាំ ទីលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបររត់ម៉ូតូឌុប (រងរបួសក្បាលខាងស្តាំ) ។ ចំណែកជនសង្ស័យ (បងបង្កើត) ឈ្មោះម៉ាន់ សុផល ភេទប្រុស អាយុ៥២ឆ្នាំ ទីលំនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) ។

វត្ថុតាងចាប់យក៖ ម៉ូតូ១គ្រឿងម៉ាក HONDAc ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២១ គ្មានស្លាកលេខ ។

នៅវេលាកើតហេតុខាងលើ ពេលជនសង្ស័យកំពុងតែអង្គុយលើម៉ូតូ ដែលចតនៅលើផ្លូវបេតុងមុខផ្ទះ បងប្អូនជីដូនមួយ ពេលនោះស្រាប់តែជនរងគ្រោះ ក្នុងសភាពស្រវឹងស្រា បានដើរចេញពីផ្ទះម្តាយក្មេកនៅក្បែរនោះ ពេលមកដល់ទន្ទឹមជនសង្ស័យ ស្រាប់តែអ្នកដើរមកជាមួយជនរងគ្រោះ បានចាក់ចង្កេះជនរងគ្រោះភ្ញាក់វាយម៉ូតូជនសង្ស័យមួយដៃ ភ្លាមនោះ ជនសង្ស័យបាននិយាយទៅកាន់ជនរងគ្រោះថា អ្ហែងវាយម៉ូតូអញ ម៉េច​មិនវាយក្បាលអញតែម្តងទៅ ហើយក៏កើតជាទំនាស់ប្រតាយប្រតប់គ្នា ធ្វើឱ្យជនរងគ្រោះដួលបោកក្បាល រួចងើបមកវិញតែត្រូវជនសង្ស័យធាក់មួយជើងបន្ថែមទៀត ដួលបោកក្បាលបណ្តាលឲ្យរងរបួសក្បាល ផ្នែកខាងស្តាំសន្លប់បាត់ស្មារតី ត្រូវបងប្អូនដឹកយកទៅព្យាបាល នៅមន្ទីរពេទ្យបង្អែកជ័យជម្នះ ចំណែកឯជនសង្ស័យត្រូវបានសមត្ថកិច្ច ប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ ឃាត់ខ្លួនយកទៅសាកសួរនៅប៉ុស្តិ៍ រួចបញ្ជូនបន្តមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

មតិយោបល់