ព័ត៌មានជាតិ

រថយន្តលុចស៊ីស RX330 បុកទ្រូងផ្លូវ រងការខូចខាតយ៉ាងដំណំ

ភ្នំពេញៈ រថយន្តលុចស៊ីស RX330 ខណៈអ្នកបើកបរស្រវឹង បានបើកជ្រុលទៅបុក និងក្បាលនាគពុះចែកផ្លូវ បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើង មួយចំហៀងរងការខូចខាតយ៉ាងដំណំ ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១១និង២៥នាទីយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ចំណុចស្តុបចេនឡាផ្លូវមុនីរ៉េត សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ រថយន្តបង្ករម៉ាកលុចស៊ីស RX330 ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BD1220 បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ ។

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ ដែលឃើញហេតុការបានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ មិនដឹងថាចេញពីកម្មវិធី ជួបជុំមិត្តភ័ក្ដិ នៅទៅណានោះទេ គឺបានបើករថយន្តម៉ាកលុចស៊ីស RX330 ពណ៌សធ្វើដំណើរតាមបណ្ដោយផ្លូវមុនីរ៉េត ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ ដែលជាផ្លូវបំបែកជាបួន ហើយក៏នៅតែមិនបន្ថយល្បឿន ទើបបណ្ដាលឲ្យរថយន្តជ្រុលទៅបុក និងក្បាលនាគពុះចែកផ្លូវរលំ ខ្ទាតទៅចំណីផ្លូវម្ខាងទៀតអស់ចំនួន១កង់ ព្រមទាំងធ្វើឲ្យរថយន្តក្រឡាប់ផ្ងារមួយចំហៀងរងការស្តាំ និងបាក់កង់មុខចំណែកខាងស្ដាំ ហើយភ្លាមៗនោះ បងប្អូនប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍នៅទីនោះ ស្រាប់បាននាំគ្នាជួយរុញរថយន្ដបង្ក អោយត្រឡប់ដូចធម្មតាវិញ ព្រមអោយសមត្ថកិច្ចមកកន្លែងកើតរួច ហើយនាំអ្នកបើកបរចេញពីក្នុងរថយន្តចេញ មកក្រៅផងដែរ ។ ក្នុងហេតុការណ៍នេះដែរ ក៏មិនធ្វើឲ្យមានគ្រោះថ្នាក់ ដល់អ្នកដំណើរដទៃទៀតនោះទេ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅធ្វើការស្ទូច យករថយន្តបង្ករួមទាំងអ្នកបើកបរទៅរក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នា៕

មតិយោបល់