ភ្នំពេញៈ នៅវេលាម៉ោង០៩ និង២១នាទីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រថយន្តបត់ឆ្លងផ្លូវ ត្រូវម៉ូតូ១គ្រឿង បើកបុកពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ស្លាប់ ខណៈបញ្ជូនទៅកាន់មន្ទីរពេទ្យ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ ចាន់ ប៊ុនណា ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរបុគ្គលិក ធនាគារឯកជន ស្នាក់នៅបុរីពិភពថ្មីកំបូល ។
នៅមុនពេលកើតហេតុ គេឃើញរថយន្ត១គ្រឿងម៉ាក Toyota Prius ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BH-7044 បានបើកឆ្លងកាត់ទទឹងផ្លូវជាតិលេខ២ បម្រុងទៅទិសខាងជើង បានពាក់កណ្ដាលផ្លូវ ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូ១គ្រឿងម៉ាក ហុងដាស្កុបពី ពណ៌ប្រផេះ ពាក់ផ្លាកលេខភ្នំពេញ 1HI-2612 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២ ទិសដៅពីត្បូងមកជើងក្នុងល្បឿនយ៉ាងលឿន ហើយបានជ្រុលបុករថយន្តខាងលើពេញទំហឹង ម្ចាស់ម៉ូតូបានដួលបោកក្បាល និងថ្នល់រងរបួសធ្ងន់ ហើយត្រូវបានរថយន្តរបស់មន្ទីរពេទ្យសួគ៌ា ដឹកយកទៅសង្គ្រោះភ្លាមៗ ផងដែរ តែជនរងគ្រោះបានដាច់ខ្យល់ស្លាប់ក្នុងមន្ទីរពេទ្យតែម្ដង ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌមានជ័យ ចុះមកធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយតាមនីតិវិធីផ្លូវច្បាប់ ។ សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ច ប្រគល់ឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់