មណ្ឌលគិរីៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅថ្ងៃអង្គារ ១២កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ មានករណីមនុស្សឃាតមួយ បានកើតឡើង ដោយស្រ្តីជាប្រពន្ធ បានធ្វើអំពើមនុស្សឃាត ទៅលើបុរសជាប្តី បណ្តាលអោយស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុ ត្រង់ចំណុចភូមិពូទិល ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
ជនរងគ្រោះឈ្មោះ កេន គែល ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានស្រុកកំណើតនៅភូមិត្រពាំងពោន ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ ស្នាក់នៅបណ្តោះអាសន្ន ភូមិពូទិល ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។ ចំណែកស្ត្រីជាប្រពន្ធដែលជាជនសង្ស័យឈ្មោះ ផាន នាង អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានស្រុកកំណើត នៅភូមិលោ ឃុំកម្ព័ន ស្រុកមេម៉ត ខេត្តត្បូងឃ្មុំ ស្នាក់នៅបច្ចុប្បន្នជាមួយជនរងគ្រោះ។ បានធ្វើអំពើឃាតកម្ម ទៅលើបុរសជាប្តីរហូតបាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុ ។
ហេតុការណ៍នៃអំពើឃាតកម្ម ដែលស្រ្តីជាប្រពន្ធ បង្កជាអំពើឃាតកម្ម កើតឡើងដោយបុរសជាប្តី បានផឹកស្រាស្រវឹងក៏បង្កកើតជាជម្លោះ រហូតមានការប្រតប់ប្រតាយគ្នា បានកើតឡើងដោយទ្រាំពុំបាន ស្រ្តីដែលជាប្រពន្ធបានយកក្រមាមករឹតកបុរសជាប្តី ដែលជាជនរងគ្រោះ ព្រមទាំងលោតអុកពីលើទៅលើជនរងគ្រោះ ដែលជាប្តីដោយប្រើជង្គង់ និងប្រើដំបងវាយទៅលើជនរងគ្រោះ ។
ក្រោយកើតហេតុនូវអំពើឃាតកម្ម ទៅលើបុរសដែលជាប្តី រហូតបាត់បង់ជីវិតស្រ្តីជាប្រពន្ធ បានជិះម៉ូតូព្រមទាំងដឹកកូនស្រីម្នាក់ បម្រុងរត់គេចខ្លួន។
ក្រោយពីបានទទួលដំណឹងខាងលើនេះភ្លាម កម្លាំងសមត្ថកិច្ចអធិការនគរបាលស្រុកពេជ្រា បានសហការជាមួយ កម្លាំងនគរបាលបច្ចេកទេសវិទ្យាសាស្រ្ត ព្រមទាំងកម្លាំងការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ ស្នងការនគរបាលខេត្ត បានចុះស្រាវជ្រាវដល់កន្លែងកើតហេតុ និងបានពិនិត្យ ទៅលើដងខ្លួននៃសពបានបញ្ជាក់ថា មានស្លាកស្នាមនៅកដោយស្នាមក្រមា រឹតកនឹងមានស្នានរលាត់នៅផ្នែកខាងខ្នងខាងស្តាំ ។ ក្រោយពីការរត់គេចខ្លូនមិនបានប៉ុន្មានម៉ោងផង ត្រូវបានកម្លាំងសមត្ថកិច្ច ចុះចាប់ខ្លួនបាន។
ផ្អែកតាមចម្លើយសារភាព របស់ជនសង្ស័យ ដែលជាប្រពន្ធបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្ត ទៅលើបុរសជាប្តីពិតប្រាកដមែន ដោយបានយកក្រមា រឹតកនិងបានលោតអុកជង្គង់ពីលើពោះ និងបានយកដំបងឫស្សីវាយ រហូតដល់ស្លាប់បាត់បង់ជីវិតតែម្តងទៅ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងសមត្ថកិច្ច កសាងសំណុំរឿង ចាត់ការទៅតាមនីតិវិធីច្បាប់ រីឯសពជនរងគ្រោះ ត្រូវបានកម្លាំងសមត្ថកិច្ច ប្រគល់អោយសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕








មតិយោបល់