បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងជំនាញនគរបាលយុត្តិធម៌ នៃអធិការនគរបាលស្រុកសង្កែ បានឃាត់ខ្លួនជនសង្ស័យម្នាក់ រំលោភលើក្មេងស្រីអនីតិជន តាមពាក្យបណ្តឹងរបស់លោកយាយក្មេងស្រីរងគ្រោះ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង០៧និង៣០នាទី នៅឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។
លោកយាយក្មេងស្រីរងគ្រោះមានឈ្មោះ រឿម ញ៉ ភេទស្រី អាយុ៦០ឆ្នាំ រស់នៅឃុំអូរដំបង១ ស្រុកសង្កែ បានមកដាក់ពាក្យបណ្តឹងប្តឹងទៅលើឈ្មោះ ជុន ជួន ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិអូរខ្ជាយ ឃុំអូរដំបង១ ស្រុកសង្កែ បានចាប់រំលោភ ចៅស្រីរបស់គាត់ឈ្មោះ ស វល អាយុ១៣ឆ្នាំ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០៨និង៣០នាទី នៅក្នុងចម្ការក្រូចក្បែរផ្ទះរបសគាត់។
ក្រោយពេលទទួលកំណត់ហេតុបណ្តឹងរួច កម្លាំងជំនាញនៃអធិការនគរបាលស្រុក បានចុះស៊ើបអង្កេតស្រាវជ្រាវរកជនសង្ស័យនិងឃាត់ខ្លួនឈ្មោះ ជុន ជួន នៅវេលាម៉ោង១៣និង៣០នាទី ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅផ្ទះជនសង្ស័យ។
ករណីនេះ ជនសង្ស័យត្រូវនគរបាលជំនាញរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

មតិយោបល់