កំពង់ស្ពឺៈ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១ និង ៣០នាទី មានករណីប្រជាពលរដ្ឋ ប្រទះឃើញសាកសព ដែលកំពុងមាន ភ្លើងឆេះ នៅចំណុចអូរដង្កោល ព្រៃសហគមន៍ទឹកធ្លាក់ចំបក់ ក្នុងភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
សពជនរងគ្រោះ មិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល២៥ឆ្នាំ មានកម្ពស់១.៦៨ម៉ែត្រ សម្បុរស សក់វែង មានដាំត្បូងធ្មេញលើខាងស្តាំ ពាក់អាវក្រណាត់ ស ខាងក្នុងយឺតពណ៌ក្រហម ។
តាមការពិនិត្យរបស់ការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត និង គ្រូពេទ្យកោល្យវិច្ច័យ សាកសពត្រូវគេរុំកន្ទេលនីឡុងពណ៌ស ខៀវដុត មានស្នាមចាក់លើទ្រូង៨កន្លែង ដើមដៃ ឆ្វេង១ ស្នាមវាយលើចិញ្ចើម១ ថ្ងាសឆ្វេង១ ថ្ងាសស្តាំ១ និងក្បាលខាងលើច្រើនកន្លែង ។
សន្និដ្ឋានៈ ជាករណីឃាតកម្មគិតទុកជាមុន អាចជាករណីប្លន់យកទ្រព្យសម្បត្តិ ។
ជនសង្ស័យអាចមានគ្នាចាប់២នាក់ឡើង (អាចមានស្រីចូលរួម) ។ សាកសពតម្កល់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ។ ករណីនេះ សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ ស្វែងរកចាប់ខ្លួនជនសង្ស័យ ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕
មតិយោបល់