ពោធិ៍សាត់ៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នា បណ្តាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់ និងខូចខាតរថយន្ត១គ្រឿង និងម៉ូតូ១គ្រឿង បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះពិនិត្យដល់កន្លែងកើតហេតុ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ ។
ករណីគ្រោះថ្នាក់ចរាចរណ៍ទី១៖ កើតឡើងនៅវេលាម៉ោង ៥និង៤២នាទី នៅលើផ្លូវក្រាលកៅស៊ូ ស្ថិតក្នុងភូមិព្រះចំបក់ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ មានម៉ូតូម៉ាក សេ125 ស៊េរី 2016 ពខ្មៅ ពាក់ផ្លាកលេខពោធិ៍សាត់ 1G-0254 ទិសដៅពីជើងទៅត្បូង បើកបរដោយឈ្មោះ កាន់ គៀន ភេទប្រុសអាយុ៣៤ឆ្នាំ រស់នៅភូមិបាកាន ឃុំត្រពាំងជង លុះមកដល់ចំណុចខាងលើ បានគេចលូសុវត្ថិភាព ជ្រុលចូលទៅបុករថយន្តម៉ាក ហ៊ីយិនដាយ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3E-2247 មកពីជើងទៅត្បូង បណ្តាលឲ្យអ្នកបើកម៉ូតូរងរបួសបាក់ជើងខាងឆ្វេងធ្ងន់ ចំពោះអ្នកបើកបររថយន្តបានគេចខ្លួនបាត់ ។
រីឯជនរងគ្រោះបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកបាកាន ចំពោះរថយន្តនិងម៉ូតូ បានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងជង ។
ករណីគ្រោះថ្នាក់ចរាចរណ៍ទី២៖ កើតឡើងនៅវេលាម៉ោង ៧និង១០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តក្រឡាប់ នៅចំណុចលើផ្លូវជាតិលេខ០៥ ចន្លោះគីឡូម៉ែត្រលេខ២០៧-២០៨ ស្ថិតនៅភូមិព្រៃផ្តៅ ឃុំបឹងខ្នារ ស្រុកបាកាន ។ បង្កដោយរថយន្តម៉ាក STERLING ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3D-0797 បើកបរក្នុងទិសដៅពីកើតទៅលិចដោយឈ្មោះ ប៊ូ សារឿន ភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិព្រៃស្នួល ឃុំកក់ ស្រុកបរសែត ខេត្តកំពង់ស្ពឺ លុះបើកបរដល់ចំណុចកើតហេតុខាងលើ បានធ្លាក់ផ្លូវបណ្តាលអោយក្រឡាប់មកខាងជើងផ្លូវ (ពុំមានរបួស)។
លោកវរសេនីយ៍ឯក នាង វុធ អធិការនគរបាលស្រុកបាកានបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ទាំងពីរនេះ បណ្តាលមកពីកត្តាល្បឿននិងការបើកបរដោយងងុយដេក។
រថយន្តនិងម៉តូត្រូវបានយកមករក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងជង ដើម្បីចាត់ការទៅតាមនីតិវិធី៕
មតិយោបល់