ព្រះសីហនុៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ៤នាក់ ជាជនជាតិចិន ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ប្លន់) ។
លោកឧត្តមសេនីយ៍ទោ ស្នងការបានឲ្យដឹង នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១នេះថា កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៧និង៤០នាទី មានប្រជាពលរដ្ឋបាលរាយការណ៍ថា នៅមុខសណ្ឋាគារមួយកន្លែង ក្រុមទី១ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ គាត់បានឃើញជនជាតិចិន០២នាក់ ចុះពីរថយន្ត០១គ្រឿង ម៉ាក LAND CRUISER ពណ៌ខ្មៅ ផ្លាកលេខៈ ភ្នំពេញ 2BM-9108 ធ្វើសកម្មភាព វាយទៅលើជនជាតិចិនម្នាក់ទៀត និងចាប់ផ្តួលជនរងគ្រោះទៅលើដី ប្លន់យកលុយមួយចំនួន រួចរត់ឡើងរថយន្តរបស់ពួកវាជិះគេចខ្លួនបាត់ ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបន្តថា បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម លោកបានបញ្ជាកម្លាំងជំនាញ ផែនការងារនគរបាលព្រហ្មទណ្ឌ ឱ្យចុះទៅដល់កន្លែងកើតហេតុ ស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់វេលាម៉ោង៧និង៣០នាទី កម្លាំងសមត្ថកិច្ច ដែលប្រចាំការនៅកន្លែងចត្តាឡីស័ក គោលដៅផ្សារដំរី៥ ស្ថិតនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ បានប្រទះឃើញរថយន្តខាងលើ កំពុងចាប់ជនជាតិចិនម្នាក់ទៀត ភេទប្រុស ចេញពីរថយន្តរបស់ពួកវា ដាក់ចូលក្នុងរថយន្ត០១គ្រឿងទៀត ពណ៌ស ប្រភេទ PICK UP (មិនស្គាល់ម៉ាក) ក៏បានទៅអន្តរាគមនម៍ រំដោះបានជនរងគ្រោះ រីឯជនសង្ស័យ បានជិះរថយន្តគេចខ្លួន ភ្លាមនោះកម្លាំងសមត្ថកិច្ច បានប្រកាសតាមវិទ្យុទាក់ទង ឲ្យកម្លាំងជួយស្ទាក់ចាប់រថយន្តខាងលើ ។
លោកស្នងការនគរបាលខេត្តព្រះសីហនុ បានបន្ថែមទៀតថា ដោយមានការចូលរួមសហការពីម្ចាស់រថយន្ត ជាជនជាតិខ្មែរ បានផ្តល់នូវប្រព័ន្ធ GPS រថយន្ត កម្លាំងសមត្ថកិច្ចបានដេញប្រផាត់ចាប់ប្រភីង ប្រើរយៈពេលជិតមួយម៉ោង គឺនៅវេលាម៉ោង២០ និង២០នាទី ទើបស្ទាក់ចាប់បានជនសង្ស័យ០៤នាក់ ជាជនជាតិចិន និងរថយន្ត០១គ្រឿង ម៉ាក LAND CRUISER ពណ៌ខ្មៅ ផ្លាកលេខៈ ភ្នំពេញ 2BM-9108 នៅផ្លូវចំណោតរ៉ា ស្ថិតនៅភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។
ជនរងគ្រោះទី១-ឈ្មោះ ZHANG JINFANG ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកាស៊ីណូ លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) មានទីលំនៅក្រុម១ ភូមិ២ សង្កាត់២ ក្រុង/ខេត្តព្រះសីហនុ ។ សម្ភារៈបាត់បង់៖ លុយ៣,៤០០$ (បីពាន់បួនរយដុល្លារអាមេរិក) ។ រងរបួស ដាច់រលាត់កែងដៃទាំងសងខាង, រលាត់ខ្នងដៃខាងឆ្វេង និងរលាត់សៀតថ្កាខាងឆ្វេង ។
ជនរងគ្រោះទី២-ឈ្មោះ MIN SHUAI ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន មុខរបរអ្នកណែនាំភ្ញៀវម៉ាស្សា លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) មានទីលំនៅភូមិ១ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ (គ្មានរបួស) ។
ជនសង្ស័យទាំង ០៤នាក់ៈ ទី១-ឈ្មោះ CUI YINZHE ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកអនឡាញ កាស៊ីណូតុងយៀន លិខិតឆ្លងដែនលេខៈ G61504867 មានទីលំនៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។ ទី២-ឈ្មោះ LIU DONG JIANG ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិន មុខរបរកម្មករលើកទឹក លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) មានទីលំនៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ ទី៣-ឈ្មោះ LI JINGWEN ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) មានទីលំនៅភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។ និងទី៤-ឈ្មោះ ZHOU FEILONG ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) មានទីលំនៅភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។
វត្ថុតាងចាប់យកបាន៖ ទូរស័ព្ទដៃ ០៤គ្រឿង, រថយន្ត ០១គ្រឿង ម៉ាក LAND CRUISER ពណ៌ខ្មៅ ផ្លាកលេខៈ ភ្នំពេញ 2BM-9108។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅស្នងការដ្ឋាន ដើម្បីសាកសួរចម្លើយ និង កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ផ្តន្ទាទោសតាមនីតិវិធីច្បាប់ ៕
មតិយោបល់