ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ៤នាក់ ករណីបង្កប់គ្រឿងញៀនជាមួយសម្ភារៈ(នំ) យកទៅឲ្យអ្នកកំពុងធ្វើចត្តាឡីស័ក

ព្រះសីហនុៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបង្ក្រាបករណីបង្កប់គ្រឿងញៀនជាមួយសម្ភារៈ(នំ) ឃាត់ខ្លួនជនសង្ស័យ៤នាក់ ជនជាតិ៣នាក់ ជនជាតិវៀតណាមម្នាក់ ផ្ញើឱ្យអ្នកកំពុងធ្វើចត្តាឡីស័ក ចំនួន៣ករណី ។

-ករណីទី១ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០៣និង៣០នាទី កម្លាំងប្រចាំការនៅមណ្ឌលចត្តាឡីស័ក ផ្ទះបុគ្គលិកឆាង ឆឹង ស្ថិតនៅក្រុម២៦ ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ម៉ាន់ ទីណូ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបររត់តាស៊ី បានយកអីវ៉ាន់មកផ្ញើឲ្យអ្នកធ្វើចត្តាឡីស័ក ក្នុងនោះមានម្សៅក្រាម ពណ៌សថ្លា សង្ស័យជាសារធាតុញៀន១កញ្ចប់ បង្កប់ក្នុងថង់នំ ។ បន្ទាប់ពីបានសារសួរ គាត់មិនបានដឹងថា នៅក្នុងថង់នំនោះមានគ្រឿងញៀនទេ ហើយគាត់សហការជាមួយសមត្ថកិច្ច បន្តទៅឃាត់ខ្លួនជនសង្ស័យ២នាក់ទៀត ដែលជាម្ចាស់ថង់នំនោះ (បង្កប់គ្រឿងញៀន) នៅចំណុចអគារបុគ្គលិកលក់នំ ស្ថិតនៅក្រុមទី៧ ភូមិ៣ សង្កាត់៤ ក្រុង-ព្រះសីហនុ នាថ្ងៃដដែលវេលាម៉ោង០៤និង០០នាទី ។

ជនសង្ស័យទី១-ឈ្មោះ ZOU WUQI អាយុ៣២ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ, ទី២-ឈ្មោះ LIU HUA ភេទស្រី អាយុ២២ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ។

វត្ថុតាងដកហូតបាន៖ ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន៨កញ្ចប់, ថ្នាំគ្រាប់ពណ៌ក្រហមសញ្ញា (WY) ចំនួន ២គ្រាប់, លិខិតឆ្លងដែនចំនួន២ក្បាល (របស់ជនសង្ស័យ) , ទូរស័ព្ទដៃចំនួន៤គ្រឿង, លុយយ័នចំនួន ៧១យ័ន, សម្ភារៈប្រើប្រាស់និងវេចខ្ចប់មួយចំនួន។

-ករណីទី២ នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០៩និង៣០នាទី កម្លាំងប្រចាំការនៅមណ្ឌលចត្តាឡីស័ក កាស៊ីណូជិនប៉ី២ ស្ថិតនៅសង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ បានឃាត់ខ្លួនបុរសម្នាក់ឈ្មោះ ឆេន ឆូច ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរត់ PassApp បានយកអីវ៉ាន់មកផ្ញើឲ្យអ្នកធ្វើចត្តាឡីស័ក ដែលក្នុងនោះមានលាក់ទុកនៅសារធាតុញៀនខុសច្បាប់ ក្នុងប្រអប់នំ ។ បន្ទាប់ពីបានសួរនាំគាត់មិនបានដឹងថា ក្នុងប្រអប់នំមានថ្នាំញៀនទេ ហើយគាត់បានសហការជាមួយសមត្ថកិច្ច បន្តទៅឃាត់ខ្លួនជនសង្ស័យ ដែលជាម្ចាស់នំ (បង្កប់គ្រឿងញៀន) នៅចំណុចសណ្ឋាគារ ជីងហ្វូយៀក ស្ថិតនៅក្រុម២០ ភូមិ១ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ នៅថ្ងៃដដែលវេលាម៉ោង១០និង៣០នាទី។

ជនសង្ស័យឈ្មោះ HOANG THI MANH ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់អីវ៉ាន់តាមអនឡាញ ។

វត្ថុតាងដកហូតបាន៖ ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន ៤កញ្ចប់, ថ្នាំញៀនមេតំហ្វេតាមីន (WY) ចំនួន៥គ្រាប់, ទូរស័ព្ទដៃ១គ្រឿង ម៉ាក iPhone8 ពណ៌ខ្មៅ, លិខិតឆ្លងដែន១ក្បាល (របស់ជនសង្ស័យ) ។

-ករណីទី៣ នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១២និង៤០នាទី កម្លាំងប្រចាំការនៅមណ្ឌលចត្តាឡីស័ក សណ្ឋាគារ ហ័ងហ្គ័នជាយី ស្ថិតនៅក្រុមទី៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ បានឃាត់ជនសង្ស័យម្នាក់ យកអីវ៉ាន់ទៅផ្ញើឲ្យអ្នកធ្វើចត្តាឡីស័ក ដោយ មានការសង្ស័យ កម្លាំងបានឆែកឆេររកឃើញសារធាតុសង្ស័យ ជាសារធាតុញៀន រួចបានឃាត់ខ្លួនជនសង្ស័យតែម្តង ។

ជនសង្ស័យឈ្មោះ Gao Yahong ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ គ្មានលិខិតឆ្លងដែនជាប់ខ្លួន។ វត្ថុតាងដកហូតបាន៖ ម្សៅក្រាមពណ៌ទឹកដោះគោ សង្ស័យជាសារធាតុញៀនចំនួន ៣កញ្ចប់ (បីកញ្ចប់), ទូរស័ព្ទដៃ១គ្រឿង, រថយន្ត១គ្រឿង ។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ រួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ៕

មតិយោបល់