គិតមកត្រឹមពេលនេះ មានតារាហង្សមាសបច្ចុប្បន្ន មាន៣នាក់បានឆ្លងមេរោគសាហាវកូវីដ១៩។ ប៉ុន្តែសរុបទាំងមន្ត្រី និងអតីតមន្ត្រី គឺមានចំនួនច្រើននាក់ដែលបានរងគ្រោះ និងសង្ស័យថាបានរងគ្រោះហើយដោយសារមេរោគកំណាចនេះ។
តារា៣នាក់ដែលត្រូវបានប្រកាសជាផ្លូវការ មាន ណុប បាយ៉ារិទ្ធ និងចាន់ កែវនិមល ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ម្សិលមិញ។ ដោយឡែក វី ឌីណែត ទើបប្រកាសលទ្ធផលវិជ្ជមានកូវីដ១៩ផ្លូវការប្រមាណនាទីមុនថ្ងៃនេះ។ ដោយឡែកអតីតមន្ត្រីហង្សមាសមាន លោក អ៊ិន ទីតូ ដែលលោកគឺជាអ្នកទី១ ក្នុងនាមជាអតីតមន្ត្រីរបស់ហង្សមាស រកឃើញកូវីដ មុនតារាចម្រៀង និងពិធីការិនីទៀត។
ប៉ុន្តែនៅក្រៅពីនេះទៀត ទន្ទឹមនឹងមានការរង់ចាំលទ្ធផលរបស់តារាជួរមុខ និងមន្ត្រីហង្សមាសផ្សេងទៀត ក៏មានតម្រុយថា តារាខ្លះក្នុងចំណោមនោះ ក៏បានលទ្ធផលវិជ្ជមានដែរហើយ។ អ្នកដែលរងសង្ស័យទាំងនោះ មានអ្នកនាង សុគន្ធ និសា កញ្ញា ផន ស្រីខួច និងក្រុមគ្រួសារគ្រូភ្លេង សាន សុវណ្ណឌីន។ នេះបើតាមការបង្ហោះប៉ុន្មាននាទីមុននេះរបស់ កញ្ញា ចំរើន សុភ័ក្ត្រ តារាចម្រៀងរួមទ្រនំរបស់ពួកគេ។
សុភ័ក្ត្រ បានបង្ហោះសារបង្ហាញពីការសោកស្ដាយ និងសមានចិត្តរបស់នាងមុននេះចំពោះតារារៀមច្បងទាំងអស់។ នាងសរសេរថា “ត្រឹមតែពីរថ្ងៃសោះមនុស្សដែលនាងខ្ញុំស្គាល់បានឆ្លងជំងឺ COVID 19 ជាច្រើននាក់ តែយ៉ាងណាខ្ញុំក៏សូមលើកទឹកចិត្តដល់បងប្អូនទាំងអស់គ្នា ឆាប់មានសុខភាពល្អឡើងវិញ ហើយនឹងបានត្រលប់មកគេហដ្ឋានវិញ!”។
ជាមួយគ្នានាងបានរៀបរាប់ឈ្មោះរបស់រៀមច្បងដែលនាងបញ្ជាក់ថា មានវិជ្ជមានកូវីដ១៩ ក្នុងនោះមាន៖ ១. ណុប ប៉ាយ៉ារិទ្ធ ២.បងខួច ៣.អ៊ិន ទីតូ ៤.គ្រួសារពិធីការនី ចាន់ កែវនិមល ៥.លោកគ្រូភ្លេង សាន់ សុវណ្ណឌីន ៦.វីឌីណែត ៧.សុគន្ធ នីសា
ប្រភព៖ sabay
មតិយោបល់