ព័ត៌មានជាតិ

Update៖ កម្មករ-កម្មការិនីចំនួន៤៤នាក់ រងរបួសធ្ងន់ស្រាល ក្នុងករណីក្រឡាប់រថយន្ត

ស្វាយរៀង: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្មករ-កម្មការិនី ចំនួន៤៤នាក់ ក្នុងចំណោមកម្មករ-កម្មការិនី ចំនួន៥៥នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងករណីរថយន្តដឹកកម្មករ១គ្រឿងក្រឡាប់ ។ ឧបទ្ទវហេតុគ្រោះថ្នាក់នេះ បានកើតឡើងនៅថ្ងៃសុក្រ ១៤រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០៦និង៣៥នាទី ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ១៥៧-១៥៨ នៅភូមិព្រៃផ្តៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ។

ប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា រថយន្តដឹកកម្មករ និយោជិតគេចរថយន្តមួយផ្សេងទៀត ពីខាងមុខក៏បានរេចង្កូត ក្រឡាប់ទៅខាងឆ្វេងផ្លូវ និងបានបោកជាមួយនឹងដើមឈើ ។ កម្មករជិះលើរថយន្ដសរុប ៥៥នាក់ ដែលបណ្តាលឲ្យកម្មករ រងរបួសចំនួន៤៤នាក់ ស្រី ៤០នាក់ ប្រុស០៤នាក់ (របួសធ្ងន់ ០៤នាក់ ស្រី ០៣នាក់) កំពុងសម្រាកនៅមន្ទីរពេទ្យបង្អែកជីភូ ចំនួន៣៣នាក់ មន្ទីរព្យាបាលពន្លឺបូព៌ា ចំនួន១១នាក់ និងបានបញ្ជូនទៅមន្ទីរពេទ្យ បង្អែកខេត្តស្វាយរៀង ចំនួន០៤នាក់ (របួសធ្ងន់) ។ ភ្នាក់ងារនៅមន្ទីរពេទ្យបង្អែក មន្រ្តី និងបុគ្គលិក ប.ស.ស. សាខាខេត្តកំពុងសម្របសម្រួលបន្ត ៕

មតិយោបល់