ព័ត៌មានជាតិ

បង្ក្រាបជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ និងទូរស័ព្ទដៃ

ភ្នំពេញ: យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១០និង៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ស្រះចក នៃអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ នៅចំណុចផ្លូវលេខ៨៦ ភូមិ៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ករណីលួចម៉ូតូ និងទូរស័ព្ទដៃ នៅចំណុចផ្ទះលេខ១០អឺ០ ផ្លូវលេខ៧៩ ភូមិ១៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យដែលឃាត់ខ្លួនរួមមាន៖១-ឈ្មោះ ញ៉ែម សុភារ៉ា ហៅរស់ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ។២-ឈ្មោះ ភឿក ង៉ោ ហៅស្វិត ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ។ ៣-ឈ្មោះ គឹម ស្រ៊ុន ហៅប៉ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ។

សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង០៥និង០០នាទី ជនរងគ្រោះបានចេញពីផ្ទះទៅរត់កង់បី ដោយពុំបានចាក់សោទ្វារផ្ទះ គ្រាន់តែទាញទ្វារបិទ មួយសន្ទុះក្រោយមក ប្រពន្ធជនរងគ្រោះបានទូរស័ព្ទ ប្រាប់ថាម៉ូតូ និងទូរស័ព្ទដៃ ត្រូវចោរចូលលួចបាត់ ក្រោយពីទទួលដំណឹងជនរងគ្រោះបានត្រឡប់ដល់ផ្ទះ ​ហើយសូមកាំមេរ៉ាសុវត្ថិភាព អ្នកជិតខាងឆែកពិនិត្យមើលរូបភាព ទើបស្គាល់ភិនភាគជនសង្ស័យអូសម៉ូតូចេញពីផ្ទះរបស់ខ្លួន រួចក៏មករាយការណ៍ និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ស្រះចក ។

ក្រោយពីទទួលបានពាក្យបណ្តឹង កម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ស្រះចក នៃអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ បានធ្វើការស្រាវជ្រាវ និងបង្ក្រាបបានជនសង្ស័យទាំង០៣នាក់ នៅចំណុផ្លូវលេខ៨៦ ភូមិ៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ រួមនឹងវត្ថុតាង នាំមកទីស្នាក់ការប៉ុស្តិ៍ដើម្បីសាកសួរ។

វត្ថុតាងចាប់យក់៖ ទូរស័ព្ទដៃមួយគ្រឿង ម៉ាក iphone ពណ៌ទឹកមាស ចាប់យកពីជនសង្ស័យឈ្មោះ ញ៉ែម សភារ៉ា ហៅរស់, ម៉ូតូមួយគ្រឿង ម៉ាក HONDA DREAM 125 ពណ៌ខ្មៅ ផ្លាកលេខ ព្រៃវែង 1P-79792 ចាប់យកពីជនសង្ស័យឈ្មោះ ភឿក ង៉ោ ហៅស្វិត ។ ក្រោយកើតហេតុសមត្ថកិច្ច បានប្រគល់ឲ្យជនរងគ្រោះវិញតាមការស្នើសុំ ។

បច្ចុប្បន្នជនសង្ស័យខាងលើ សមត្ថកិច្ចអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ កំពុងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់