ព័ត៌មានជាតិ

មន្ត្រីឥណទាន អិលអូអិលស៊ី សាខាខេត្តព្រះវិហារម្នាក់ ត្រូវរថយន្តបុកម៉ូតូ បណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុ

ព្រះវិហារៈ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ៣និង៥៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង០១ករណី បង្កឡើងដោយរថយន្តបុកជាមួយម៉ូតូក្នុងទិសដៅបញ្ច្រាសទិសគ្នា លើផ្លូវជាតិលេខ៦៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១០៦-១០៧ ត្រង់ចំណុចផ្លូវកោងចុងភូមិដាន ក្នុងភូមិសាស្ត្រភូមិដាន ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុ ។

អ្នកបើកបររថយន្តបង្កមិនស្គាល់អត្តសញ្ញាណ បានបើករថយន្តរត់គេចពីកន្លែងកើតហេតុ មកឈប់រថយន្តប្លុងចោល នៅចំណុចដីឈ្មោះ ចក់ សៀន ខាងកើតអធិការដ្ឋាននគរបាលស្រុកលែន ចម្ងាយប្រហែល៥០០ម៉ែត្រ និង ចម្ងាយពីកន្លែងកើតហេតុ ប្រហែល៤,៥០០ម៉ែត្រ តៃកុងរត់គេចខ្លួនបាត់ ។
រថយន្តម៉ាក ហ្វុយសូ ប្រភេទ វេអង ពណ៌ខៀវ សឺមីរ៉ឺម៉ក ពាក់ស្លាកលេខ ព្រះសីហនុ 4A-3441ក្បាលពាក់ស្លាកលេខ ប៉ៃលិន 3A-5168 ខូចខាតស្រាល ។

អ្នកបើកបរម៉ូតូឈ្មោះ សូត ធា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ មន្ត្រីឥណទាន អិលអូអិលស៊ី សាខាខេត្ត ព្រះវិហារ មានស្រុកកំណើត ភូមិផ្លាក ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម ។ ទីលំនៅបច្ចុប្បន្ន ភូមិផ្លាក ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម ( ស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ) ។ ម៉ូតូម៉ាក ហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ កំពង់ចាម 1R-5288 ខូចខាតធ្ងន់ ។

មូលហេតុ៖ អ្នកបើករថយន្តបង្កបើករថយន្តមកដល់ ចំណុចកើតហេតុ ផ្លូវ(កោង) ក៏ជ្រុលចង្កូត ចូលទៅចំណែកផ្លូវម៉ូតូ ហើយក៏បុកជាមួយម៉ូតូដែលបើកបរក្នុងទិសដៅបញ្ច្រាសគ្នាតែម្ដង ។

ក្រោយកើតហេតុកម្លាំងជំនាញចរាចរណ៍ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មី ធ្វើការប្រគល់សាកសពឲ្យទៅក្រុមគ្រួសារ និងប្រមូលយកវត្ថុតាងទាំងពីរមករក្សាទុកនៅក្នុងអង្គភាពអធិការរដ្ឋាននគរបាលស្រុកគូលែន ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី៕

មតិយោបល់