ព័ត៌មានជាតិ

រថយន្តធុនធំ២គ្រឿងបុកគ្នា បណ្តាលឲ្យបុរស២នាក់ ស្លាប់និងរងរបួសធ្ងន់ នៅផ្លូវជាតិលេខ៥

ពោធិ៍សាត់ៈ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១២និង០៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍១លើក រថយន្ត២គ្រឿងបុកគ្នា បណ្តាលឲ្យបុរស២នាក់ ស្លាប់និងរបួសធ្ងន់ នៅលើផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រ១៤៦,១៤៧ ស្ថិតក្នុងភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានរថយន្ត១គ្រឿងម៉ាក CHENLONG ខណៈពេលដែលបើកបរ បានរេចង្កូតទៅឆ្វេង មិនប្រកាន់ស្តាំ ជ្រុលទៅបុករថយន្ត១គ្រឿងទៀតម៉ាក HYUNDAI ដែលធ្វើចរាចរណ៍ច្រាសទិសគ្នា បណ្តាលអោយខូចខាតរថយន្ត០២គ្រឿង ស្លាប់និងរងរបួសប្រុស០២នាក់ ។ ក្នុងនោះស្លាប់ប្រុសម្នាក់នៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ បានដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ។ ចំណែករថយន្តបង្កម៉ាក CHENLONG ពាក់ផ្លាកលេខភ្នំពេញ ៣E.៤១៤៣ ពណ៌ស ធ្វើចរាចរណ៍ពីលិចទៅកើត អ្នកបើកបរឈ្មោះ រ៉ែម ដារ៉ូ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអូរអាចម៍កុក ឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានស្លាប់នៅកន្លែងកើតហេតុ ។ រីឯរថយន្ត១គ្រឿងទៀតម៉ាក HYUNDAI ពាក់ផ្លាកលេខភ្នំពេញ ៣C.៥៧៧៨ ពណ៌សខៀវ ធ្វើចរាចរណ៍ពីកើតទៅលិច អ្នកបើកបរឈ្មោះ មឿង ចាន់ណាក់ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិគងជ័យ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ រងរបួសធ្ងន់ ។

យោងតាមបញ្ជារបស់លោកកូយ កាន់យ៉ា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៣និង២៧នាទី បានបញ្ជាតាមទូរស័ព្ទឲ្យប្រគល់សព ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

វត្ថុតាងរថយន្តទាំង០២គ្រឿង បានយកទៅការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក ខេត្តពោធិសាត់ ៕

មតិយោបល់