ព្រៃវែងៈ នៅព្រឹកថ្ងៃទី១៣ សីហា នេះ ក្រុមការងារជំនាញបំពេញបែបបទផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ជូនប្រជាពលរដ្ឋ នៅឃុំព្រែកចង្ក្រាន នឹងឃុំព្រៃដើមថ្នឹង ស្ថិតក្នុងស្រុកស៊ីធរកណ្ដាល។
នៅចំពោះមុខប្រជាពលរដ្ឋ លោកវរសេនីយ៍ទោ ឡុង ប៊ុនធឿន អធិការនគរបាលស្រុកស៊ីធរកណ្តាល បានអំពាវនាវដ៏ទទួចដល់ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុចាប់ពី១៥ឆ្នាំឡើងទៅ ដែលមិនទាន់មានអត្តសញ្ញាណប័ណ្ណគំរូថ្មី មេត្តាសុំអញ្ជើញទៅបំពេញបែបបទសុំផ្តល់អត្តសញ្ញាណប័ណ្ណគំរូថ្មី នៅតាមស្ថានីយចល័តក្នុងភូមិឃុំដែលខ្លួនរស់នៅ ឬប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និងអធិការដ្ឋានគរបាលស្រុក ដែលមានមន្រ្តីប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ដើម្បីបំពេញបែប បទផ្តល់អត្តសញ្ញាណប័ណ្ណជូន។
លោកអធិការនគរបាលស្រុកបានបញ្ជាក់ថា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជាឯកសារគតិយុត្តិដ៏សំខាន់ និងចាំបាច់សម្រាប់បញ្ជាក់ពីអត្តសញ្ញាណរបស់បុគ្គលម្នាក់ៗ ដើម្បីធានាដល់ការលើកកម្ពស់សិទ្ធិ សេរីភាព ផលប្រយោជន៍ និងកាតព្វកិច្ចសង្គម ជាពិសេសការអនុវត្តន៍សិទ្ធិខាងនយោបាយ។
លោកបានបន្ថែមទៀតថា នាពេលខាងមុខ ការចុះឈ្មោះបោះឆ្នោតបានខិតជិតមកដល់ ដូចនេះប្រជាពលរដ្ឋទាំង២ភេទ តម្រូវឲ្យមានអត្តសញ្ញាណប័ណ្ណគំរូថ្មី គ្រប់ៗគ្នា សម្គាល់ខ្លួនផង និងសម្រាប់ចូលរួមបោះឆ្នោតផង៕
មតិយោបល់