ញូដេលីៈ មន្រ្តីប៉ូលិសជាន់ខ្ពស់ឥណ្ឌាបាននិយាយថា យ៉ាងហោចណាស់មានអ្នកដំណើរ ៨នាក់បានស្លាប់ និងច្រើនជាង១៥នាក់ទៀតរបួស បន្ទាប់ពីរថយន្តដឹកប្រេងមួយគ្រឿងបានបើកយ៉ាងលឿន មកបុកជាមួយនឹងរថយន្តក្រុងដឹកអ្នកដំណើរដែលកំពុងចតនៅផ្លូវម្ខាងទៀត កាលពីព្រលឹមថ្ងៃសៅរ៍ នៅរដ្ឋធានីញូដេលីរបស់ឥណ្ឌា។
គ្រោះថ្នាក់នេះបានកើតឡើងនៅចន្លោះម៉ោង ៦ ទៅ៧ព្រឹក ម៉ោងក្នុងតំបន់ បន្ទាប់ពីរថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងនោះបានចតនៅផ្នែកផ្លូវម្ខាងនៃផ្លូវហាយវ៉េ បន្ទាប់ពីមានបញ្ហាគ្រឿងម៉ាស៊ីន។ រថយន្តដឹកប្រេងមួយគ្រឿងនោះបានបើកក្នុងល្បឿនយ៉ាងលឿន ហើយបានបាត់បង់ភាពម្ចាស់ការ ឆ្ពោះទៅបុករថយន្តក្រុងតែម្តង។ នេះបើតាមសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍ ទី១៣ ខែសីហា ឆ្នាំ២០១៦។
មន្រ្តីជាន់ខ្ពស់ឥណ្ឌាសុំមិនបញ្ចេញឈ្មោះបាននិយាយថា ជនរងគ្រោះភាគច្រើនគឺជាអ្នកនៅលើរថយន្តក្រុង ដោយធ្វើដំណើរពីទីក្រុង ញូដេលី ទៅស្រុក Auraiya រដ្ឋ អ៊ុតតាប្រាដេស ស្ថិតនៅភាគខាងជើងប្រទេស ឥណ្ឌា។ មនុស្សចំនួន ០៨នាក់ បានស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែកអ្នករបួសត្រូវបានគេរួសរាន់បញ្ជូនទៅកាន់មន្ទីរពេទ្យផងដែរ៕
មតិយោបល់