ព័ត៌មានជាតិ

ចាប់ហើយចាប់ទៀតមិនចេះអស់ក្រុមអ្នកជួញដូរ និងប្រើប្រាស់គ្រឿងញៀន

ភ្នំពេញ: កម្លាំងគណ:បញ្ជាការឯកភាពខណ្ឌដូនពេញ ក្រោមការបញ្ជាផ្ទាល់ដឹកដោយ លោក គួច ចម្រើន អភិបាលខណ្ឌឲ្យកម្លាំងកងរាជអាវុធហត្ថខណ្ឌ និងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ បានបន្តបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀនមួយសម្បុកទៀតកាលពីរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្លូវរថភ្លើង សង្កាត់ស្រះចកព្រំប្រទល់បឹងកក់២ ខណ្ឌទួលគោក (រោងចក្រឆ្នាំង)។

ក្នុងប្រតិបត្តិការបង្រ្កាបដូចភ្លៀងរលឹមរបស់អជ្ញាធរខណ្ឌដូនពេញនោះបានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀនចំនួន៤នាក់ និងម៉ូតូ៣គ្រឿង និងថ្នាំញៀនរួមជាមួយវត្ថុតាងមានប្រដាប់ប្រដាប្រើប្រាស់មួយចំនួនទៀត។

មន្ត្រីអាវុធហត្ថខណ្ឌដូនពេញបានឲ្យដឹងថា ដើម្បីបោសសម្អាតឲ្យអស់នូវការជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅប្លុកផ្លូវរថភ្លើង និងអតីតរោងចក្រឆ្នាំងនោះ កម្លាំង អ ហ ខណ្ឌដូនពេញបានដាក់កម្លាំងសម្ងាត់ជាប្រចាំដោយអនុវត្តតាមការណែនាំរបស់លោកអភិបាលខណ្ឌដូនពេញដើម្បីឲ្យកម្លាំង អ ហ ខណ្ឌធ្វើយ៉ាងណាត្រូវបន្តធ្វើព្យុះធ្វើភ្លៀងក្នុងការចាប់បង្រ្កាប និងបោសសម្អាតឲ្យអស់នូវក្រុមជួញដូរ និងប្រើប្រាស់គ្រឿងញៀនទាំងនោះជាក់ស្តែង កម្លាំង អ ហ ខណ្ឌ និងកម្លាំងអជ្ញាធរខណ្ឌ បានចុះបង្រ្កាបបន្តបន្ទាប់ប្រមូលបានក្រុមជនសង្ស័យជាច្រើននាក់ រួមទាំងវត្ថុតាងថ្នាំញៀនបញ្ជូនទៅចាត់ការតាមនីតិវិធីអស់ហើយ។

ប្រភពព័ត៌មានបានបន្តទៀតថា នៅរសៀលថ្ងៃនេះដែរ កម្លាំងបានបន្តចុះបង្រ្កាបទៀតដោយឃាត់ខ្លួនជនសង្ស័យបាន៤នាក់(ប្រុស) ដកហូតថ្នាំញៀនតែមួយកញ្ចប់ប៉ុណ្ណោះ ព្រោះតែក្រុមជនល្មើសទាំងនោះពេលដែលឃើញកម្លាំងសមត្ថកិច្ចចុះទៅដល់បានស្រវ៉ារត់គេចអស់ខ្លះនិងខ្លះទៀតបានបោះវត្ថុតាងថ្នាំញៀនចូលព្រៃអស់តែម្តង។

បច្ចុប្បន្នក្រុមជនសង្ស័យបានបញ្ជូនទៅទីបញ្ជាការអាវុធហត្ថរាជធានីដើម្បីចាត់ការបន្ត៕

photo_2016-08-13_17-06-24

photo_2016-08-13_17-06-26

photo_2016-08-13_17-06-28

photo_2016-08-13_17-06-30

photo_2016-08-13_17-06-32

photo_2016-08-13_17-06-33

photo_2016-08-13_17-06-36

photo_2016-08-13_17-06-38

photo_2016-08-13_17-06-40

មតិយោបល់