(ម៉ានីល)៖ យោធាហ្វីលីពីនបានបញ្ជូនយន្ដហោះចម្បាំងខ្នាតតូចជាច្រើនគ្រឿង ទៅកាន់តំបន់ដែនទឹកជម្លោះក្នុងសមុទ្រចិនខាងត្បូង ជាទីដែលនាវាចិនរាប់រយគ្រឿង កំពុងមានវត្តមាន។
យោធាហ្វីលីពីន បានឱ្យដឹងថានាវាចិនច្រើនជាង២០០គ្រឿងដែលមានទាំងកងកម្លាំងប្រដាប់អាវុធនៅលើនោះកំពុងមានវត្តមានតំបន់ថ្មប៉ប្រះទឹក វីដសាន់ (Whitsun) ដែល ទីក្រុងម៉ានីល អះអាងថាជាតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ខ្លួន។ ស្ថានទូតចិនប្រចាំទីក្រុងម៉ានីល មិនបានធ្វើអត្ថាធិប្បាយអ្វីនៅឡើយទេ តែធ្លាប់បានអះអាងជាច្រើន លើកថានាវាចិននៅក្នុងតំបន់ថ្មប៉ប្រះទឹក Whitsun សុទ្ធសឹងតែជាទូកនេសាទធម្មតា និងគ្មានកងកម្លាំងប្រដាប់អាវុធនៅលើនោះឡើយ។
នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃសៅរ៍ម្សិលមិញ រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក Delfin Lorenzana បានបញ្ជាក់ថាយន្ដហោះចម្បាំងយោធាហ្វីលីពីន បាននិងកំពុងដឹកនាំការធ្វើប្រតិបត្តិការល្បាតស្ថានការណ៍នៅឯតំបន់ថ្មប៉ប្រះទឹកវីដសាន់ ហើយយោធាក៏មានគម្រោងបង្កើនវត្តមាននាវាចម្បាំងនៅក្នុងតំបន់ សមុទ្រចិនខាងត្បូងផងដែរដើម្បីការពារក្រុមអ្នកនេសាទហ្វីលីពីន។
«កងទ័ពអាកាស និងកងទ័ពជើងទឹករបស់យើងបានត្រៀមខ្លួនជាស្រេច ក្នុងការការពារអធិបតេយ្យភាព និងសិទ្ធិអធិបតេយ្យរបស់យើង»។ នេះជាការគូសបញ្ជាក់បន្ថែម របស់លោករដ្ឋមន្ត្រីការពារជាតិហ្វីលីពីន៕
Reuters ៖ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១
មតិយោបល់