ព័ត៌មានជាតិ

រន្ធត់ណាស់! បុរសម្នាក់ ត្រូវរថយន្តមិនស្គាល់ម៉ាកបើកកិន ស្លាប់នៅក្នុងថ្លុកឈាម ខណៈជិះម៉ូតូដួល

បន្ទាយមានជ័យ: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា បុរសម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែងក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូប៉ះជាមួយរថយន្ត កើតឡើងនៅវេលាម៉ោង០៧និង១៥នាទីយប់​ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ លើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចស្ពានខ្សាច់ ស្ថិតនៅភូមិតាប៉ុន ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

តាមប្រភពព័ត៌មានពីនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ធាង ប៊ុនធាន ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិភ្នំលៀបខាងកើត ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ បើកម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ​ពាក់ផ្លាកលេខ 1N.3039​ ក្នុងទិសដៅពីកើតទៅលិច ។

ប្រភពដដែលបានបញ្ជាក់ថា ជនរងគ្រោះបើកបរម៉ូតូសង្ស័យ ស្ថិតក្នុងស្ថានភាពស្រវឹង បើកបរក្នុងល្បឿនលឿន ពេលដល់ចំណុចកើតហេតុខាងលើ ទៅប៉ះជាមួយរថយន្ត ដែលមិនស្គាល់អត្តសញ្ញាណ កំពុងបើកខាងមុខ បណ្តាលឲ្យអ្នកបើកធ្លាក់ពីលើម៉ូតូខ្ទាតទៅលើទ្រូងផ្លូវ ស្របពេលនោះមានរថយន្តបើកមកពីទិសខាងលិច ទៅខាងកើតផ្ទុយគ្នាជាន់ថែមពីលើ បណ្តាលឲ្យជនរងគ្រោះស្លាប់ក្នុងថ្លុកឈាមនឹងកន្លែង ។

សពជនរងគ្រោះ បានប្រគល់ជូនក្រុមគ្រួសារ យកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។ ចំណែកវត្ថុតាងម៉ូតូ យកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ ៕

មតិយោបល់