ព័ត៌មានជាតិ

រថយន្តធុនធំ២គ្រឿង បើកបរកៀរគ្នាក្រឡាប់ផ្ងារជើង ចាក់ថ្មរាយពេញផ្លូវ

ភ្នំពេញៈ រថយន្តធុនធំមួយគ្រឿង បើកចេញពីកន្លែងប៉ះកង់ ឡើងមកមហាវិថី ឈ្នះ ឈ្នះ ខ្វះការប្រុងប្រយ័ត្ន បណ្តាលឱ្យជ្រុលមកកៀរ អូសរថយន្តធុនធំមួយគ្រឿងទៀត ក្រឡាប់ផ្ងារជើង ចាក់ថ្មរាយពេញផ្លូវ តែមិនបណ្តាលឱ្យនរណាម្នាក់រងរបួសនោះទេ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ស្ថិតតាមបណ្តោយ មហាវិថី ឈ្នះ ឈ្នះ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

តៃកុងរថយន្តក្រឡាប់មានឈ្មោះ វី មុនី ភេទប្រុស អាយុ២៨ ឆ្នាំ ស្នាក់នៅភូមិភ្នំធំត្បូង ឃុំអូប្រាសាទ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ។ ចំណែកតៃកុងរថយន្តបង្ក មិនត្រូវបានស្គាល់ឈ្មោះនោះទេ បានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល ។

តាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តធុនធំមួយគ្រឿង ពណ៌ខៀវ លាយស ពាក់ផ្លាកលេខ ភ្នំពេញ 3A-6005 បើកដោយបុរសម្នាក់ ដឹកថ្មតូចៗពេញឡាន តាមបណ្តោយ មហាវិថី ឈ្នះ ឈ្នះ ទិសដៅពីលិចទៅកើត ខណៈពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តធុនធំមួយគ្រឿងទៀត ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 3E-4751 បើកដោយបុរសម្នាក់ ចេញពីកន្លែង ប៉ះកង់ឡើងមកមហាវិថី ឈ្នះ ឈ្នះ ដោយខ្វះការប្រុងប្រយ័ត្ន បណ្តាលឱ្យកៀរគ្នា រហូតរថយន្តធុនធំដែលដឹកថ្ម បួងចង្កូតគេចឡើងលើសួនច្បារ ពុះចែកទ្រូងផ្លូវ ក្រឡាប់ផ្ងារ ជើងម្ខាង ចាក់ថ្មរាយពេញផ្លូវ ដាច់ក្រឡេកង់ខាងមុខ និងរថយន្តមួយគ្រឿង ដែលចេញពីប៉ះកង់ រងការខូចខាតទ្រុងខាងក្រោយ តែមិនបណ្តាលឱ្យនរណាម្នាក់ រងរបួសនោះទេ ចំណែកតៃកុងរថយន្តដែលបើកឡើងពីកន្លែងប៉ះកង់ បានចុះពីលើរថយន្ត រត់គេចខ្លួនបាត់ស្រមោល ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមទាំងកម្លាំងសមត្ថកិច្ចជំនាញ បានចុះទៅដល់ចំណុចទីតាំងកើតហេតុខាងលើ រួចធ្វើការវាស់វែងយករថយន្តទាំងពីរ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រង់ចាំការដោះស្រាយនៅពេលក្រោយ ៕

មតិយោបល់