ភ្នំពេញៈ កាលពីល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចនៃប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សហការជាមួយការិយាល័យគយ និងរដ្ឋាករប្រចាំនៅព្រលានយន្តហោះ ឃាត់ខ្លួនជនជាតិម្នាក់ និងដកហូតលុយជិត ១លានដុល្លារអាមេរិក ដែលលុយនោះ ត្រូវបាននាំចូលពីទីក្រុងហុងកុង ប្រទេសចិន។
យោងតាមប្រភពពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃទទួលផែនការងារអន្តោប្រវេសន៍ បានឲ្យដឹងថា នៅវេលាម៉ោង១៥និង១០នាទីរសៀល ថ្ងៃទី២៩ ខែឧសភានេះ ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានផ្អាកដំណើរជនជាតិចិនម្នាក់ ដែលមានឈ្មោះ LIAO JINGQING កើតថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នា១៩៧១ កាន់លិខិតឆ្លងដែនលេខ EG0115690 ពាក់ព័ន្ធករណីនាំប្រាក់ចំនួន ៨៥៥,០០០ដុល្លារអាមេរិក ពីទីក្រុងហុងកុង ចូលមកប្រទេសកម្ពុជា ចំពោះការចាប់ខ្លួនជនជាតិចិនរូបនេះ ដោយសារតែលុយទាំងនោះមានការសង្ស័យថា ជាលុយដែលមានប្រភពមិនច្បាស់លាស់។
តាមការសាកសួរ និងចម្លើយសារភាពជនសង្ស័យបានឆ្លើយថា ខ្លួនបានចូលមកកម្ពុជាចំនួន ០២លើក៖
-លើកទី១ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩
-លើកទី២ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩នេះ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង ជនសង្ស័យ មានមុខរបរនៅចិន ជាអ្នកធ្វើការផ្នែកដេគ័រ នៅសណ្ឋាគារ
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យរូបនេះ បានបន្តថា គោលបំណងនាំប្រាក់មកកម្ពុជា ដើម្បីវិនិយោគលើផ្នែកដេគ័រ ជាមួយប្អូនជីដូនមួយឈ្មោះ LIAO YUPENG (ប៉ុន្តែមិនស្គាល់ឈ្មោះក្រុមហ៊ុន) ប្រាក់ខាងលើបានបើកពីធនាគារឈ្មោះ ឡុង យៀក ក្នុងទីក្រុងហុងកុង។
វត្ថុតាងដកហូតរួមមាន៖
-លិខិតឆ្លងដែនចិនចំនួន១ក្បាល
-ប្រាក់ចំនួន៨៥៥,០០០ដុល្លារអាមេរិក (៧២ដុំ)
-ទូរស័ព្ទដៃចំនួន០១គ្រឿង និងកាបូបធំចំនួន០២ បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួន ដើម្បីសាកសួរ និងអនុវត្តនីតិវិធីបន្ត។
សូមបញ្ជាក់៖ កាលពីថ្ងៃទី២៣ ខែមេសាកន្លងទៅ កម្លាំងនគរបាលអន្ដោប្រវេសន៍ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ប្រចាំនៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ បានចាប់ខ្លួនជនសង្ស័យ ជាជនជាតិចិនចំនួន ៣នាក់ ដែលបាននាំលុយចំនួន ៣,៥២០,០០០ដុល្លារអាមេរិក ដោយពុំមានការបញ្ជាក់ពីប្រភពហរិញ្ញវត្ថុច្បាស់លាស់ ពីទីក្រុងហុងកុង ចូលមកប្រទេសកម្ពុជា៕
មតិយោបល់