សៀមរាបៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០២១ សមត្ថកិច្ចខេត្តសៀមរាបបានចុះស្រាវជ្រាវ និងឃាត់ខ្លួនបុរសចំណាស់ម្នាក់ដែលរំលោភសេពសន្ថវៈលើចៅបង្កើតដែលជាអនីតិជនកាលពីអំឡុងខែកុម្ភៈ ឆ្នាំ ២០២១។
លោកវរសេនីយ៍ឯក ជា ហេង នាយការិយាល័យប្រឆាំងការជួញដូរ និងការពារអនីតិជនបានអោយដឹងថា : នៅថ្ងៃទី ០៣ ខែមេសា ឆ្នាំ២០២១ ឈ្មោះ ធី ជា បានមកប្តឹង នៅប៉ុស្តិ៍រដ្ឋបាលស្រង៉ែថា ក្មេងរងគ្រោះឈ្មោះ ទ. ស.អ. អាយុ ៤ឆ្នាំ បានប្រាប់ថា តាបង្កើតឈ្មោះ លាក់ លាង បានរំលោភសេពសន្ថវៈមកលើខ្លួនបានសម្រេចចំនួន ០៣ដង ។
ក្រោយពីទទួលបណ្តឹងរួច សមត្ថកិច្ចជំនាញបានររាយការណ៍ជូនឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា ដើម្បីសុំគោលការណ៍កោះហៅ ជនសង្ស័យមកធ្វើការសាកសួរ ។
តាមការសាកសួររបស់សមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានរំលោភសេពសន្ថវៈមកលើឈ្មោះ ទ. ស.អ. ដែលត្រូវជាចៅបង្កើតរបស់ខ្លួនបានចំនួន ០២ដងពិតប្រាកដមែន ។
ក្រោយសាកសួរចប់ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យតាមបញ្ជាឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាបនៅថ្ងៃទី ០៣ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៨:០០។
ចំណែកជនរងគ្រោះជាក្មេងកំព្រារស់នៅជាមួយជីតាដែលជាជនសង្ស័យ សមត្ថកិច្ចបានប្រគល់ឲ្យមន្ទីរសង្គមកិច្ចខេត្តសៀមរាប ៕

មតិយោបល់