ព័ត៌មានជាតិ

ជិះម៉ូតូ១គ្រឿងឌុបគ្នា ធ្វើសកម្មភាព ឆក់ទូរសព្ទស្រ្តីម្នាក់ ត្រូវកម្លាំងល្បាតដេញតាមឃាត់ខ្លួនម្នាក់

ភ្នំពេញ: កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១១និង៣០នាទី មានករណីអំពើលួចមានស្ថានទម្ងន់ទោស ឆក់យកទូរស័ព្ទដៃចំនួន ០១ គ្រឿង នៅត្រង់ចំណុចបណ្តោយផ្លូវ១៣BT ភូមិសន្សំកុសល៥ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ញ៉ែត វណ្ណដារ៉ា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបមិនពិតប្រាកដ ។ ចំណែកជនរងគ្រោះឈ្មោះ មត: ស្រីពៅ ភេទស្រី អាយុ៤០ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ ១A ផ្លូវ១៣BT ភូមិសន្សំកុសល៥ សង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរនៅផ្ទះ ។

វត្ថុតាងចាប់យក៖ ម៉ូតូមួយគ្រឿងម៉ាក សេ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ២០១០ ពាក់ផ្លាកលេខភ្នំពេញ ១AM-០៤៨៤ លេខតួ+លេងម៉ាស៊ីន=៨៤៤៣៣៥១ ។

ដំណើររឿងហេតុ៖ កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១១និង៣០នាទី នៅត្រង់ចំណុចបណ្តោយផ្លូវ ១៣BT ភូមិ សន្សំកុសល៥ សង្កាត់ បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានជនរងគ្រោះឈ្មោះ មត: ស្រីពៅ ភេទស្រី អាយុ៤០ឆ្នាំ បានដើរកាន់ទូរសព្ទដៃមួយគ្រឿងម៉ាក អាយហ្វូនដប់មួយប្រូ ពណ៌ស ស៊ីមកាតលេខ ០១២ ៤៨៤៨១៤ កំពុងនិយាយហៅ ម៉ូតូកង់បីឥណ្ឌាឲ្យមកដឹកជនរងគ្រោះ ក្នុងពេលនោះស្រាប់តែមានជនសង្ស័យចំនួន២នាក់ឈ្មោះ ញ៉ែត វណ្ណដារ៉ា ភេទប្រុស អាយុ ១៩ ឆ្នាំ និងឈ្មោះ ឡេង សៀងហៃ ភេទប្រុស អាយុ១៨ ឆ្នាំ បានជិះម៉ូតូមួយគ្រឿងម៉ាក សេ១២៥ ពណ៌ ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ ១AM-០៤៨៤ (ជនសង្ស័យឈ្មោះ ឡេង សៀងហៃ ជាអ្នកបើកម៉ូតូ ចំណែកជនសង្ស័យឈ្មោះ ញ៉ែត វណ្ណដារ៉ា ជាអ្នកអង្គុយខាងក្រោយ) បានធ្វើសកម្មភាពឆក់យកទូរសព្ទដៃរបស់ជនរងគ្រោះ រួចជិះម៉ូតូរត់គេច ។

ខណ:នោះជនរងគ្រោះ បានស្រែកឆោឡោឡើង កម្លាំងល្បាត នគរបាលប៉ុស្តិ៍បឹងទំពន់ទី១ បានដេញតាមឃាត់ខ្លួន បានជនសង្ស័យបានម្នាក់ឈ្មោះ ញ៉ែត វណ្ណដារ៉ា យកមកធ្វើការសាកសួរនៅទីស្នាក់ការប៉ុស្តិ៍នគរបាលបឹងទំពុនទី១ ចាត់ការតាមនីតិវិធីបន្ត ចំណែកបក្ខពួកជនសង្ស័យម្នាក់ទៀតឈ្មោះ ឡេង សៀងហៃ បានរត់គេចបាត់ ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យឈ្មោះ ញ៉ែត វណ្ណដារ៉ា ចាប់យកវត្ថុតាងដូចជា៖ -ម៉ូតូមួយគ្រឿងម៉ាក សេ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ ២០១០ ពាក់ផ្លាកលេខភ្នំពេញ ១AM-០៤៨៤ លេខតួ+លេងម៉ាស៊ីន=៨៤៤៣៣៥១ (ជារបស់ជនសង្ស័យ) និងទូរសព្ទដៃមួយគ្រឿងម៉ាក អាយហ្វូនដប់មួយប្រូ ពណ៌ស ស៊ីមកាតលេខ ០១២ ៤៨៤ ៨១៤ (ជារបស់ជនរងគ្រោះឈ្មោះ មត: ស្រីពៅ ហើយសមត្ថកិច្ចបានប្រគល់ជូនវិញ តាមការស្នើសុំ ដោយមានការឯកភាពពីលោក សុក កែវបណ្ឌិត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ) ។

បច្ចុប្បន្នជនសង្ស័យឈ្មោះ ញ៉ែត វណ្ណដារ៉ា ភេទប្រុស អាយុ១៩ ឆ្នាំ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕

មតិយោបល់