ព័ត៌មានជាតិ

ក្រុមហ៊ុន​តូតាល់​ នឹង​នៅបន្តឈរជើង នៅ​ភូមាតទៅទៀត ទោះបីជាមានរដ្ឋប្រហារយោធាភូមាក៏ដោយ

នៅចំពោះមុខ​នៃ​ការបង្រ្កាបកាន់តែហិង្សា​របស់​យោធា​ភូមា​ទៅលើ​បាតុករ ភូមា អង្គការក្នុង​ស្រុក និង​អន្តរជាតិ​ដើម្បី ការពារ​សិទ្ធិមនុស្ស បាន​ទាមទារ​ឲ្យ​ក្រុមហ៊ុន​បរទេស ដែល​នៅក្នុង​នោះមាន​ផងដែរ ក្រុមហ៊ុន​តូតាល់ បារាំង ឲ្យឈប់​ធ្វើ​ជំនួញ ដើម្បី ផ្តល់ប្រាក់ចំណេញ ដល់​របបយោធាភូមា​តទៅទៀត។ ប៉ុន្តែ នៅក្នុង​សំបុត្រ​ចំហរ ចុះផ្សាយ​នៅក្នុង​កាសែត​បារាំង នៅថ្ងៃអាទិត្យ​នេះ ប្រធាន​ក្រុមហ៊ុន​តូតាល់​បារាំង បាន​និយាយ​ថា ក្រុមហ៊ុន​នឹង​នៅ បន្តឈរជើង នៅ​ភូមាតទៅទៀត។

ក្រុមហ៊ុន​តូតាល់បារាំង ដែល​បាន​រងការដាក់​សម្ពាធ ប៉ុន្មាន​សប្តាហ៍មកហើយ បាន​សម្រេច​ថា តូតាល់​នឹង​នៅ បន្ត​ឈរជើង​នៅ​ភូមា​ដដែល។ តាមអគ្គនាយក​របស់​ក្រុមហ៊ុន​តូតាល់ លោក Patrick Pouyanné ហេតុផល​របស់​ក្រុមហ៊ុន គឺ​មិនមែន គោលដៅ រកប្រាក់​ចំណេញនោះទេ ប៉ុន្តែ ដើម្បី សន្តិសុខ របស់​បុគ្គលិក និង​អ្នកទទួល​ខុសត្រូវ​របស់​សាខា​ក្រុមហ៊ុន​តូតាល់នៅភូមា ដែល​អាច​ប្រឈម​នឹង​ការចាប់ខ្លួន និង​ទោស​ជាប់ពន្ធនាគារ។ តាម​ការលើកឡើង​របស់​អគ្គនាយកតូតាល់ ក្រុមហ៊ុន​មិន​ចង់ ឲ្យ​បុគ្គលិក​របស់ខ្លួន​ប្រឈម​នឹង​គ្រោះថ្នាក់ ដូចជា ការងារ​ធ្វើដោយ​បង្ខំ ដោយសារ​ក្រុមហ៊ុន​ត្រូវ​របបសឹក​ រឹបអូស ប្រែក្លាយ​ជា​ក្រុមហ៊ុនរដ្ឋ នៅក្នុង​ករណី​តូតាល់​ដកខ្លួន​ចេញពីភូមា។ ម្យ៉ាង បើសិន​តូតាល់​ដកខ្លួន លែង​បូមហ្គាស ដើម្បី​ផលិត​ជា​អគ្គសនី នៅ ភូមា នោះ ​ប្រជាជន​ជាង ៥លាននាក់​នៅ រ៉ង់ហ្គូន​នឹង​គ្មាន​ភ្លើងអគ្គិសនី​ប្រើប្រាស់។

សម្រាប់​អគ្គនាយក​ក្រុមហ៊ុន​តូតាល់ ជាជាង ដក​ខ្លួន​ចេញពី​ភូមា ក្រុមហ៊ុន​បាន​សន្យា បង់ទៅ ឲ្យ​អង្គការ​ដែលធ្វើការ​ទៅលើ​រឿងសិទ្ធិមនុស្ស នូវ​ចំនួនទឹកប្រាក់ ដែល​ក្រុមហ៊ុន​ត្រូវ​បង់ពន្ធ​ទៅ​ឲ្យ អាជ្ញាធរ​ភូមា។ តាម​របាយការណ៍​របស់​ក្រុមហ៊ុន តូតាល់ ក្រុមហ៊ុន​បានបង់​ប្រាក់ ២៣០លាន​ដុល្លារ​ទៅ​ឲ្យ​អាជ្ញាធរ​ភូមា សម្រាប់​ថ្លៃពន្ធ នៅ​ឆ្នាំ ២០១៩ និង​១៧៦លាន​ដុល្លារ នៅ ឆ្នាំ ២០២០។ បើតាម​អគ្គនាយកក្រុមហ៊ុន​តូតាល់ គិតចាប់តាំង​ពី រដ្ឋប្រហារ​យោធា​នៅ ដើមខែ​កុម្ភៈ ក្រុមហ៊ុន​មិនទាន់​បាន​បង់​ប្រាក់​មួយសេន​ទៅ​ឲ្យ​របបសឹក​ភូមានោះទេ។ មិនទាន់​បាន​បង់ មិនមែន​ដោយសារ​ក្រុមហ៊ុនមិន​ចង់​នោះទេ ប៉ុន្តែ ដោយសារ ប្រព័ន្ធ​ធនាគារនៅ​ភូមា ត្រូវ​កាត់ផ្តាច់ ដោយសារ​កូដកម្ម​របស់​បុគ្គលិក​ធនាគារ។

ដោយពិតទៅ គេ​អាច​យល់បាន​ថា ក្រុមហ៊ុន​បារាំង ដូចជា​តូតាល់ មិនព្រមដក​ខ្លួនចេញពី​ភូមា ក៏ព្រោះតែ​ហេតុផល​ប្រាក់ចំណេញ បាន​មកពីការវិនិយោគ​នៅ​ភូមា ដែល​សំបូរ​ដោយ​ធនធាន​ធម្មជាតិ ឧស្ម័ន វត្ថុធាតុដើម រ៉ែមាស ត្បូងថ្ម ហើយនិង​កម្លាំងពលកម្ម​ថោក។ បើសិន​ក្រុមហ៊ុន​អឺរ៉ុប​ដកខ្លួន​ចេញ ពី​ភូមា ដោយសារ​តែ​រឿង​រដ្ឋប្រហារយោធា​ភូមានៅពេលនេះ គឺ ក្រុមហ៊ុន​អឺរ៉ុប​នឹង​ជួបតែ​ការខាតបង់ ព្រោះថា នៅមាន​ក្រុមហ៊ុន​អាស៊ី​ដទៃទៀត ដូចជា ថៃ ឥណ្ឌា ជាពិសេស​ចិន កំពុង​ចាំដណ្តើម​កន្លែង​របស់​ក្រុមហ៊ុន​អឺរ៉ុប នៅភូមា។

ប្រភព៖​ RFI

មតិយោបល់