ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូជិះគេចខ្លួន និងធ្វើឲ្យសមត្ថកិច្ចរងរបួស ពេលចុះអន្តរាគមន៍

បាត់ដំបងៈ កម្លាំងសមត្ថកិច្ចនគរបាល អនុវត្តន៍តាមការណែនាំ បញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង ក៏ដូចជាលោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួល លើនីតិវិធីពីឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញានៃអយ្យការ អមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០៣និង១០នាទីរំលងអធ្រាត្រ នៅចំណុចភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបងខេត្ត បាត់ដំបង លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការបង្ក្រាបចុះប្រតិបត្តិការ បង្ក្រាបករណីលួច (យកម៉ូតូ) ០១ករណី និងបានធ្វើការនាំខ្លួនជនសង្ស័យម្នាក់ឈ្មោះ ភាព សុភា ហៅតូច ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅមិនពិតប្រាកដ មកកាន់ស្នងការដ្ឋាន ។

ដំណើររឿងហេតុ៖ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៩និង៤០នាទី នៅចំណុចភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជនសង្ស័យខាងលើ បានធ្វើសកម្មភាព ដើរតាមផ្លូវជាតិលេខ៥ រួចក៏បានយកម៉ូតូ របស់ជនរងគ្រោះឈ្មោះ ហួន យឿម ភេទប្រុស អាយុ៦០ឆ្នាំ មានទីលំនៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នៅពេលដែលជនរងគ្រោះ កំពុងចុះពីលើម៉ូតូដើរទៅបត់ជើង ហើយជនសង្ស័យក៏បានជិះម៉ូតូរត់គេចខ្លួនបាត់ រហូតមកដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០៣និង១០នាទី ទើបកម្លាំងសមត្ថកិច្ចធ្វើការនាំខ្លួន ជនសង្ស័យខាងលើ ប៉ុន្តែជនសង្ស័យបានតដៃ មកលើសមត្ថកិច្ច ដែលកំពុងប្រតិបត្តិការ បណ្តាលអោយកម្លាំងសមត្ថកិច្ច លោកព្រិន្ទបាលទោ សុង ហាក់ រងរបួសបាក់ម្រាមប្រអប់ដៃខាងឆ្វេង ។

វត្ថុតាងដកហូតរួមមាន៖ -ម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ បិតតែមឆ្នាំ២០១៥ គ្មានផ្លាកលេខ (ជារបស់ជនរងគ្រោះ) ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវកម្លាំងសមត្ថកិច្ច ការិយាល័យជំនាញ កសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធី ៕

មតិយោបល់