ភ្នំពេញៈ យុវជនម្នាក់ ត្រូវបានគូទំនាស់៣នាក់ យកទឹកអាស៊ីដស្រោយលើខ្លួន បណ្ដាលឲ្យស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ដោយហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៨និង៣០នាទីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ ក្នុងសិប្បកម្មបោះពុម្ពស្លាកយីហោលើថង់ផ្លាស្ទិក នៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនបង្កទាំង៣នាក់នោះ ទី១ឈ្មោះ ម៉ាប់ ម៉ៃ ភេទប្រុស អាយុ១៧ឆ្នាំ ទី២ឈ្មោះ ម៉ាប់ ពន្លឺ ភេទប្រុស អាយុ២២ឆ្នាំ ទី៣ឈ្មោះ ម៉ាប់ កុត ភេទប្រុស អាយុ២៥ឆ្នាំ អ្នកទាំង៣ត្រូវជាបងប្អូនបង្កើត ស្នាក់នៅ និងធ្វើការក្នុងសិប្បកម្មពុម្ពស្លាកយីហោលើថង់ផ្លាស្ទីកកន្លែងកើតហេតុខាងលើ។ ចំណែកជនរងគ្រោះឈ្មោះ ម៉ន ធារ៉ា ភេទប្រុស អាយុ២០ឆ្នាំ សញ្ជាតិខ្មែរ មានស្រុកកំណើតនៅភូមិគ្រួស ឃុំទួលរៀង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង សព្វថ្ងៃស្នាក់ និងធ្វើការនៅកន្លែងកើតហេតុជាមួយគ្នា។
សាក្សីបានប្រាប់សមត្ថកិច្ចថា នៅមុនពេលជនរងគ្រោះបានឈ្លោះប្រកែកគ្នាជាមួយឈ្មោះ ម៉ាប់ ពន្លឺ និងឈ្មោះ ម៉ាប់ កុត រហូតឈានដល់ការវាយគ្នា ពេលនោះឈ្មោះ ម៉ាប់ ម៉ៃ ឃើញដូច្នេះក៏ស្ទុះទៅទាញប៊ីដុងទឹកអាស៊ីដ(ទឹកយូស្ងួត) ចំណុះ១លីត្រមកស្រោចលើខ្លួនជនរងគ្រោះ បណ្ដាលប្រកាច់ ហើយត្រូវមិត្តភក្តិដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាព សូវៀង(មន្ទីរពេទ្យរុស្ស៊ី) តែអកុសលជនរងគ្រោះបានស្លាប់បាត់ជីវិត។ ដោយឡែកជនបង្កឈ្មោះ ម៉ាប់ ម៉ៃ ត្រូវបានសមត្ថកិច្ចឃាត់ រីឯជនបង្ក២នាក់ទៀតបានរត់គេចខ្លួនបាត់។
សាកសពជនរងគ្រោះ ត្រូវសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់