ព័ត៌មានជាតិ

បុរសម្នាក់ សង្ស័យជាមន្រ្តីយោធា បើករថយន្តដឹកជនជាតិចិនចំនួន៣នាក់ ឆ្លងកាត់គោលដៅហាមឃាត់ គ្មានលិខិតអនុញ្ញាត ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: បុរសម្នាក់សង្ស័យជាមន្រ្តីយោធា បានបើករថយន្តមួយគ្រឿងម៉ាក Rolls Royce ដឹកជនជាតិចិនចំនួន៣នាក់ ឆ្លងកាត់គោលដៅ ដោយគ្មានលិខិតអនុញ្ញាត ត្រូវបានសមត្ថកិច្ចឃាត់ កាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ នៅចំណុចរង្វង់មូលគួចកាណុង គល់ស្ពានជ្រោយចង្វាត្រើយខាងលិច សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ហេតុការណ៍ខាងលើនេះ មានរថយន្ត១គ្រឿងម៉ាក Rolls Royce ពណ៌ខ្មៅ ពាក់ផ្លាកលេខកម្ពុជា BRS7377 បើកបរដោយឈ្មោះ មឿង សាមន ភេទប្រុស សង្ស័យជាមន្រ្តីយោធា បានបើករថយន្ត ដឹកជនជាតិចិនចំនួន៣នាក់ ក្នុងនោះប្រុសពីរនាក់ស្រីម្នាក់ ។

តាមប្រភពព័ត៌មានពី កន្លែងកើតហេតុ បានឲ្យដឹងថា បុរសរូបនោះ បានដឹកជនជាតិចិនប្រុសស្រីចំនួន៣នាក់ខាងលើ ចេញពីស្កាយបាមួយកន្លែង នៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន ឆ្ពោះទៅសណ្ឋាគារសុខា នៅខណ្ឌជ្រោយចង្វា ហើយថាជនជាតិចិនទាំងបីនាក់ទៅទីនោះ ដើម្បីយកលិខិតឆ្លងដែន ។ លុះមកដល់ចំណុចបារ៉ាស់ខាងលើ សមត្ថកិច្ចបានហៅឱ្យឈប់ ដើម្បីសួនាំរកលិខិតស្នាម តែជនជាតិចិនទាំងបីនាក់ គ្មានលិខិតអនុញាតនោះទេ ក៏ត្រូវសមត្ថកិច្ចគោលដៅសួនាំ រួចបញ្ជូនទៅស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ។

ក្រោយឃាត់ខ្លួនជនសង្ស័យទាំងបីនាក់ និងរថយន្តព្រមទាំងតៃកុងរថយន្ត ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួបន្ត ៕

មតិយោបល់