ព័ត៌មានជាតិ

ការបកស្រាយ​បំភ្លឺ​ ពាក់ព័ន្ធ​ករណី​ជន​មិន​ស្គាល់​អត្តសញ្ញាណ​បើករថយន្ត​មក​ចាក់សោ​ហាង​កាហ្វេ​យីហោ​ អិ​ច​ឌី​អិ​ល​ នៅ​សង្កាត់​គោក​ឃ្លាង​ ខណ្ឌ​សែន​សុខ​ មិនដឹង​មូលហេតុ​

​ភ្នំពេញ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កាលពី​ថ្ងៃ​ទី​០៥​ ខែឧសភា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​ប្រហែល​១៣:១០​នាទី​ ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​គោក​ឃ្លាង​ បាន​ទទួល​ព័ត៌មាន​តាម​រយ:​ទូរស័ព្ទ​ ថា​ នៅ​ត្រង់​ចំណុច​ហាង​កាហ្វេ​យីហោ​ អិ​ច​ ឌី​ អិ​ល​ កាហ្វេ​ ស្ថិត​នៅផ្ទះ​លេខ​អេស​១១​ ផ្លូវ​បេតុង​ ក្រុម​ទី​២​ ភូមិ​ដី​ថ្មី​ សង្កាត់​គោក​ឃ្លាង​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ ថា​មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​បាន​ជិះ​រថយន្ត​ម៉ាក​លុ​ច​ស៊ី​ស​ អិន​អិ​ច​២០០​តេ​ ពណ៌​ស​ មក​ចាក់សោរ​ហាង​កាហ្វេ​របស់​គាត់​ពី​ខាងក្រៅ​ ពេល​នោះ​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ភ្លាមៗ​ ហើយ​ក៏​បាន​ជួប​ម្ចាស់​ហាង​កាហ្វេ​នៅ​ខាងក្រៅ​ផ្ទះ​ ហើយ​ពិនិត្យ​ឃើញ​ថា​ពិត​មាន​ចាក់សោរ​ទ្វារ​ហាង​កាហ្វេ​ពី​ខាងក្រៅ​ និង​ខូចខាត​ម៉ាស៊ីន​ឆុង​កាហ្វេ​បន្តិចបន្តួច​ ។​

​ឈ្មោះ​ ជួង​ ដា​ឡែ​ន​ ម្ចាស់​ហាង​កាហ្វេ​បាន​ដាក់​ពាក្យបណ្តឹង​ឲ្យ​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​លើ​ករណី​នេះ​ ។​ លុះដល់​វេលា​ម៉ោង​ប្រហែល​១៧:០០​នាទី​ ថ្ងៃខែ​ឆ្នាំ​ដដែល​ ម្ចាស់​ហាង​កាហ្វេ​ឈ្មោះ​ ជួង​ ដា​ឡែ​ន​ បាន​ទាក់ទង​ទៅ​កាន់​ភាគី​ម្ខាង​ទៀត​ដែល​បង្ក​បញ្ហា​ ឲ្យ​មក​កាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​គោក​ឃ្លាង​ ដើម្បី​ស្នើ​សុំ​ឲ្យ​សមត្ថកិច្ច​ធ្វើការ​សម្របសម្រួល​ និង​បញ្ចប់រឿង​។​

​បន្ទាប់​ពី​ធ្វើការ​សាកសួរ​ ទើប​ដឹង​ពី​មូលហេតុ​ ដោយ​ម្ចាស់​ហាង​កាហ្វេ​ឈ្មោះ​ ជួង​ ដា​ឡែ​ន​ បាន​ខ្ចី​លុយ​ពី​ឈ្មោះ​ អ៊ូ​ ណា​ឡា​ ចំនួន​៤,០០០​ដុល្លារ​ ប៉ុន្តែ​មិន​បាន​សង​ទៀត​ទាត់​ដូច​កិច្ចសន្យា​ ព្រោះ​ដោយសារ​ស្ថានភាព​កូ​វី​ដ​ ម្ចាស់​ហាង​កាហ្វេ​ឈ្មោះ​ជួង​ ដា​ឡែ​ន​ បាន​ផ្អាក​អាជីវកម្ម​ខ្លួន​តាំងពី​ថ្ងៃ​ទី​២៩​ ខែមេសា​ ឆ្នាំ​២០២១​ ហើយ​ពុំ​បាន​សង​លុយ​ទៅ​ឈ្មោះ​អ៊ូ​ ណា​ឡា​ ។​

​លុះដល់​ថ្ងៃ​ទី​០៥​ ខែឧសភា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១៣:១០​នាទី​ ឈ្មោះ​ អ៊ូ​ ណា​ឡា​ និង​កូនប្រុស​ ដែល​ជា​ម្ចាស់​លុយ​ បាន​មក​ដល់​ហាង​កាហ្វេ​របស់​ឈ្មោះ​ ជួង​ ដា​ឡែ​ន​ បានឃើញ​ថា​ហាង​កាហ្វេ​ត្រូវ​បាន​បិទទ្វារ​ ហើយ​ឈ្មោះ​ អ៊ូ​ ណា​ឡា​ បាន​ទូរស័ព្ទ​ទៅ​ឈ្មោះ​ ជួង​ ថា​ឡែ​ន​ ជា​ច្រើន​លើក​ តែ​ឈ្មោះ​ ជួង​ ដា​ឡែ​ន​ មិន​បាន​លើក​ទូរស័ព្ទ​ ទើប​ឈ្មោះ​អ៊ូ​ ណា​ឡា​ ជា​ម្ចាស់បំណុល​មានចិត្ត​ខឹង​ បាន​ប្រើ​ឲ្យ​កូនប្រុស​ឈ្មោះ​ សេន​ អាប់​ឌុ​ល​ហ្វា​រីត​ អាយុ​២១​ឆ្នាំ​ យក​មេសោរ​ ទៅ​ចាក់សោរ​ទ្វារ​ហាង​កាហ្វេ​នោះ​ពី​ខាងក្រៅ​ ហើយ​ក៏​បាន​បើករថយន្ត​ចេញ​ទៅ​បាត់​តែ​ម្តង​។​

​បន្ទាប់​ពី​បាន​ស្តាប់​ហេតុផល​របស់​ភាគី​ទាំង​ពីរ​ ហើយ​ភាគី​ទាំង​ពីរ​ បាន​យល់​ពី​កំហុស​រៀងៗ​ខ្លួន​ ទើប​ឈ្មោះ​ ជួង​ ដា​ឡែ​ន​ បាន​សុំ​ដក​ពាក្យបណ្តឹង​ដើម្បី​បញ្ចប់រឿង​ ត្រឹម​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​គោក​ឃ្លាង​ តែ​ម្តង​ ៕

មតិយោបល់