ភ្នំពេញៈ មានករណីបុរសម្នាក់ជាសិល្បករមួយរូប បានបាត់បង់ជីវិត ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូក្នុងល្បឿនលឿន វ៉ាជែងពីមុខរថយន្តខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យរអិលចាប់ហ្រ្វាំងដួល ចូលក្រោមកង់រថយន្តដឹកខ្សាច់ កិនដាច់ជើងទាំងសងខាងយ៉ាងអាណោចអធ័ម ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង៧ និង៣០ នាទីយប់ ត្រូវនឹងថ្ងៃសៅរ៍ ទី៨ ខែឧសភា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ត្រង់ចំណុចជិតនឹងស្តុបទំនប់កប់ស្រូវ ក្នុងភូមិព្រៃស្វាយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សពជនរងគ្រោះឈ្មោះ គឹម សែ ភេទប្រុស អាយុ២៥ ឆ្នាំ មុខរបជាសិល្បករផ្នែករាំ បច្ចុប្បន្ន រស់នៅសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុខាងលើ គេបានឃើញរថយន្តដឹកខ្សាច់មួយគ្រឿង ម៉ាកហីយ៉ាន់ដាយ ក្បាលពណ៌ ទឹកប្រាក់ ពាក់ផ្លាកលេខ កណ្តាល 3-A 2932 បើកបដោយបុរសម្នាក់ ធ្វើរដំណើរតាមបណ្តោយផ្លួវជាតិលេខ៤ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ខណៈពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែគេឃើញបុរសម្នាក់ទៀត ជិះម៉ូតូម៉ាក ZOOMERX មួយគ្រឿង ពណ៌ខ្មៅ លាយក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1-GS 7122 ធ្វើដំណើរស្របទិសគ្នា ក្នុងល្បឿនលឿនវ៉ាជែង ខណៈពេលមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរអិលចាប់ហ្រ្វាំងដួលចូលក្រោមកង់រថយន្តកិនពីលើដាច់ជើងទាំងសងខាង បណ្តាលឲ្យជនរងគ្រោះស្លាប់ ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ ។ ចំណែកឯតៃកុងរថយន្តបង្ក បានបើកទ្វាររត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ ។
ក្រោយពេលកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានសហការ ជាមួយនឹងខាងជំនាញចរាចរណ៍ ខណ្ឌពោធិ៍សែនជ័យ ចុះមកដល់រួចក៏បានទំនាក់ទំនង ទៅខាងជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែងយករថយន្តបង្កនិងម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ ។ និងធ្វើកំណត់ហេតុប្រគល់សព ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់