ភ្នំពេញៈ ព្រះសង្ឃមួយអង្គត្រូវបានគេជួយសង្គ្រោះ និងបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីរងរបួសបែកព្រះកេសដេរអស់ ០៤ថ្នេរ ក្រោយពីព្រះសង្ឃមួយអង្គទៀតបានកាប់ នៅក្នុងវត្តសាមគ្គីរង្ស៊ី។
បើតាមអាជ្ញាធរសង្កាត់ស្ទឹងមានជ័យ នៅវេលាម៉ោង ៧យប់ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦ មានការភ្ញាក់ផ្អើលមួយបានកើតឡើងស្ថិតនៅក្នុងវត្តសាមគ្គីរង្សី ភូមិទ្រា ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្នុងពេលដែលមានព្រះសង្ឃបានប៉ះសម្តីគ្នារហូតឈានទៅដល់ទាញកាំបិតដេញកាប់ បណ្តាលឲ្យព្រះសង្ឃមួយអង្គបានរងរបួសបែកព្រះកេស និងត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ។
បញ្ហាហិង្សាក្នុងវត្តនេះដែរ លោកសេង សាញ់ ចៅសង្កាត់ ស្ទឹងមានជ័យ និងកម្លាំងសមត្ថកិច្ចនគបាលប៉ុស្តិ៍ រួមនិងលោកគ្រូព្រះចៅអធិការវត្តកំពុងតែធ្វើការស៊ើបអង្កេតផងដែរ។ ព្រះសង្ឃរងគ្រោះឈ្មោះ ថាច់ ញឹង ព្រះជន្ម ១៩វស្សា ស្នាក់នៅក្នុងវត្ត រងរបួសបែកព្រះកេស ចំនួន៤ថ្នេរ។
ក្រោយកើតហេតុ ព្រះសង្ឃដែលគេអះអាងថាជាអ្នកបង្កនោះ បានរត់គេចខ្លួន ខណៈអាជ្ញាធរមិនទាន់បញ្ជាក់ពីមូលហេតុពិតប្រាកដដែលឈានទៅដល់ការដេញគ្នាពេញវត្តរវាងព្រះសង្ឃ និងព្រះសង្ឃនេះឡើយ៕



















មតិយោបល់