ព័ត៌មានជាតិ

ករណីអគ្គិភ័យឆាបឆេះព្រៃរនាមអស់ចំនួន ១៥ហិចតា នៅក្រុងសៀមរាប

សៀមរាបៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃអង្គារ ៧ កើត ខែជេស្ឋ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង៨​ និង០០នាទី មានករណីអគ្គិភ័យ ភ្លើងឆេះព្រៃស្ថិតនៅភូមិសាស្ត្រ ភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប បណ្តាលឆេះព្រៃ និងស្មៅ អស់ប្រហែល ១៥ ហិចតា ។

លោកវរសេនីយ៍ឯក ឌុត ខុន ស្នងការរងទទួលការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ បានអោយដឹងថា ៖ ក្នុងប្រតិបត្តិការពន្លត់ និងសង្គ្រោះនេះ សមត្ថកិច្ចចម្រុះបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ១១គ្រឿង ៖

-រថយន្តពន្លត់អគ្គិភ័យស្នងការដ្ឋាននគរបាលខេត្តចំនួន ០៤គ្រឿង ប្រើប្រាស់ទឹកចំនួន ២៩ឡាន

-រថយន្តពន្លត់អគ្គិភ័យកងរាជអាវុធហត្ថខេត្តសៀមរាបចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកចំនួន ២០ឡាន

-រថយន្តពន្លត់អគ្គិភ័យអាជ្ញាធរអប្សារាចំនួន ០២គ្រឿង​ ប្រើប្រាស់ទឹកចំនួន ២៤ ឡាន

-រថយន្តកងវិស្វកម្មចំនួន ០២គ្រឿង ប្រើប្រាស់ទឹកចំនួន ១៣ឡាន ។

លោកវរសេនីយ៍ឯកស្នងការរងបានបន្តទៀតថា ៖ សមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវរកមូលហេតុនៃការឆេះ ហើយករណីនេះមិនបណ្ដាលអោយឆ្លងទៅដល់លំនៅដ្ឋានប្រជាពលរដ្ឋដែលនៅជិតនោះទេ ដោយសារបងប្អូនដែលជិតនោះបានជួយ និងរាយការណ៍ទាន់ពេលវេលា ៕

មតិយោបល់