ព័ត៌មានជាតិ

ប្រពន្ធមកពីវត្តវិញមិនឃើញប្ដី ក៏នាំកូនដើររក ស្រាប់តែប្រទះឃើញដេកស្លាប់ក្នុងបឹង ករណីឆក់ត្រីបណ្ដាលឲ្យឆក់ខ្លួនឯង

កណ្ដាលៈ ថ្ងៃពុធ ១៥កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១២និង៣៥នាទីរសៀលមានករណីឆក់ត្រីឆក់ខ្លួនឯង(ស្លាប់)ចំណុចបឹងដូនជាតិក្រៅភូមិកោះកែវក្រោម ឃុំកោះកែវ ស្រុកល្វាឯម ខេត្តកណ្ដាល ។

ជនរងគ្រោះឈ្មោះ យុង យ៉ា ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ទីលំនៅភូមិកោះកែវក្រោម ឃុំកោះកែវ
ស្រុកល្វាឯម ខេត្តកណ្តាល។

វត្ថុតាងចាប់យក៖
១-ដុំអាំងវរ័ទ័រ(ដុំឆក់ត្រី)ចំនួន០១
២-អាគុយកម្លាំង៤០អំពែរចំនួន០១
៣-ដងឆក់ចំនួន០២

សភាពរឿងហេតុ៖ តាមការបំភ្លឺរបស់ប្រពន្ធជនរងគ្រោះ បានបញ្ជាក់ថា ប្តីរបស់គាត់តែងតែចេញទៅនេសាទត្រី ជារៀងរាល់ថ្ងៃ ដោយប្រើឧបករណ៍ឆក់ត្រី ។ លុះនៅថ្ងៃទី២៥.០៥.២០២១ វេលាម៉ោង១២និង២០នាទី ប្រពន្ធត្រឡប់មកពីវត្តមិនឃើញប្តី (ជនរងគ្រោះ) ក៏សួរអ្នកជិតខាងគេប្រាប់ថា ជនរងគ្រោះទៅរកត្រី រហូតដល់ម៉ោង១៨និង០០នាទីថ្ងៃដដែល ប្រពន្ធពុំឃើញប្តី (ជនរងគ្រោះ) មកផ្ទះវិញក៏នាំកូននិងអ្នកជិតខាងដើររក តែពុំឃើញដល់ថ្ងៃទី២៦.០៥.២០២១ វេលាម៉ោង៧និង០០នាទី ប្រពន្ធកូន និងអ្នកជិតខាង បាននាំគ្នាចេញដើររកជនរងគ្រោះបន្តទៀត នៅក្នុងបឹងដូនជាតិក្រៅ រហូតដល់ម៉ោង១២និង៣៥នាទី ក៏បានឃើញជនរងគ្រោះដេកស្លាប់នៅក្នុងបឹងដូនជាតិក្រៅហើយក្រុមគ្រួសារបានយកជនរងគ្រោះមកផ្ទះ ។ តាមការបំភ្លឺរបស់ឈ្មោះ រិន សារឿន ដែលបានទៅឃើញជនរងគ្រោះដំបូងថា ជនរងគ្រោះស្លាប់ផ្កាប់មុខខ្លួន នៅលើដងឧបករណ៍ឆក់ត្រី ដោយខ្នងជនរងគ្រោះស្ពាយអាគុយ និងដុំឆក់ ហើយដង្គៀបកុងតាក់ ជនរងគ្រោះខាំជាប់នឹងមាត់ ។

ការពិនិត្យ សាកសពនៅលើដងខ្លួន អវ:យវ:ជនរងគ្រោះ ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ មាត់ជនរងគ្រោះជាំខ្មៅ ។

តាមការសន្និដ្ឋាន៖ របស់គ្រូពេទ្យ ជនរងគ្រោះស្លាប់ដោយឆក់ចរន្តឧបករណ៍ឆក់ត្រី ក្រោយពិនិត្យសាកសព គ្រូពេទ្យបានប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់