ព័ត៌មានជាតិ

ឯកឧត្តម ឃួង ស្រេង៖ ជំរុញឱ្យអាជ្ញាធរខណ្ឌ ដែលមូលដ្ឋានរបស់ខ្លួនមានតំបន់បិទខ្ទប់(តំបន់លឿងទុំ) និងមានផ្សារ ត្រូវអនុវត្តន៍ការងារលើកិច្ចការពារឱ្យបានហ្មត់ចត់បំផុត

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យអាជ្ញាធរខណ្ឌមានវិធានការឱ្យបានម៉ឺងម៉ាត់បំផុត ចំពោះទីតាំងផ្ទុះជំងឺកូវីដ-១៩ថ្មី និងនៅតាមទីផ្សារ ដើម្បីទប់ស្កាត់ការរីករាល ដាលនៃជំងឺកូវីដ១៩ ។

ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយអភិបាលខណ្ឌទាំង១៤ តាម រយៈប្រព័ន្ធវីដេអូ នៅសាលារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ២៦ ខែ ឧសភា ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ជំរុញឱ្យអាជ្ញាធរខណ្ឌ ដែលមូលដ្ឋានរបស់ខ្លួនមានតំបន់បិទខ្ទប់(តំបន់លឿងទុំ) និងមានផ្សារ ត្រូវអនុវត្តន៍ការងារលើកិច្ចការពារឱ្យបានហ្មត់ចត់បំផុត ដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ពីតំបន់មួយទៅតំបន់មួយ ទៀត ខណៈដែលពេលនេះមានខណ្ឌមួយចំនួនបាន ផ្ទុះ ឡើងនូវជំងឺកូវីដ-១៩នេះ ជាថ្មីឡើងវិញ។

ឯកឧត្តមបន្តថា ចំពោះតំបន់លឿង រដ្ឋបាលរាជធានីភ្នំពេញបានបើកឱ្យដំណើរការជាធម្មតា មិនធ្វើការហាម ប្រាមនោះទេ ប៉ុន្តែអ្វីដែលហាមប្រាម គឺតំបន់ដែលមានហានិភ័យខ្ពស់នៃការឆ្លងកូវីដ- ១៩តែប៉ុណ្ណោះ ដូចដែលយើងបានកំណត់ជាទីតាំងបិទខ្ទប់។បន្ថែមពីនោះទៀតទីតាំងតំបន់លឿងទុំ ដែលបាននិងកំពុងបិទខ្ទប់ អាជ្ញាធរខណ្ឌ ដែលពាក់ព័ន្ធត្រូវតែគ្រប់គ្រងឱ្យបានហ្មត់ចត់បំផុត មិនឱ្យមានការចេញចូលដាច់ខាត ដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាលជំងឺកូវី-១៩ ពីតំបន់មួយទៅតំបន់មួយទៀត ។

ឯកឧត្តម ក៏បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំងអស់ត្រូវចុះពិនិត្យស្ថានភាពនៅតាមផ្សារនានា នៅក្នុងមូលដ្ឋានរបស់ខ្លួនជាប្រចាំ និងធ្វើរបាយការ ណ៍ពីវឌ្ឍនភាពផ្សារនីមួយៗ ជាប្រចាំផងដែរ ។

ឯកឧត្តមបញ្ជាក់ថា ការបើកផ្សារឡើងវិញនេះ គឺពិតជាមានហានិភ័យខ្ពស់ចំពោះការឆ្លងរីករាលដាលជំងឺកូវី-១៩ ។ ដូច្នេះទាំងខណ្ឌ ទាំងគណៈ កម្មការផ្សារត្រូវយកចិត្តទុក ដាក់ឱ្យបានខ្ពស់បំផុត ជុំវិញវិធានការការពារ ដោយត្រូវផ្សព្វផ្សាយនិងជំរុញឱ្យបងប្អូនប្រជាពលរដ្ឋ អាជីវករ អនុវត្តវិធានរបស់ក្រសួងសុខាភិ បាលជាប់ជានិច្ច។

គួរជម្រាបថា តំបន់ដែលផ្ទុះឡើងវិញនូវជំងឺកូវីដ-១៩ ជាថ្មីនេះ មានមួយផ្នែកខ្លះ នៃខណ្ឌសែនសុខ ,នៅសហគមន៍AB ភូមិផ្សារតូច ក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ និងនៅភូមិឫស្សី ឫស្សីទី២ ឫស្សីទី៣ សង្កាត់ស្ទឹងមានជ័យទី២និងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យជាដើម ៕

 

 

មតិយោបល់