បាត់ដំបងៈ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង មានកិត្តិយស សូមជម្រាបជូនសាធារណជន ជាពិសេសបងប្អូននិយមប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា ថ្មីៗនេះអ្នកប្រើប្រាស់បណ្តាញសង្គមបានចែករំលែក នូវរូបភាពឃ្លីបវីដេអូ មនុស្សស្រីម្នាក់ជិះម៉ូតូមិនពាក់មួកសុវត្ថិភាពបើកជ្រេពេញផ្លូវ បង្កឱ្យអ្នកធ្វើដំណើរចាប់អារម្មណ៍ និងសម្តែងការហួសចិត្តចំពោះសកម្មភាពមួយនេះ។
ទទួលបានព័ត៌មាននេះពីក្រុមការងារប្រតិកម្មរហ័សនៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោក សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ ដំបង បានដាក់បទ បញ្ជាដល់សមត្ថកិច្ចនគរបាលស្រុកមោងឫស្សីដែល មានលោកវរសេនីយ៍ឯក ស គឹមឡុង ជាអធិការនគរបាលស្រុក ធ្វើការស្រាវជ្រាវជាបន្ទាន់។
នារសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ នេះសមត្ថកិច្ចនគរបាលស្រុកមោងឫស្សីបានស្វែងរកឃើញសាមីខ្លួនដែលជាក្មេងស្រី មានអាយុទើបតែ ១៥ឆ្នាំ រស់នៅស្រុកមោងឫស្សី ជាអ្នកជិះម៉ូតូជ្រេពេញផ្លូវពីថ្ងៃមុន។ ក្រោយពីបានទទួលស្គាល់នូវកំហុសឆ្គង សមត្ថកិច្ចនគរបាលបានធ្វើការអប់រំណែនាំ ឱ្យបញ្ឈប់សកម្មភាពបែបនេះទៀត និងបានប្រគល់ជូនអាណាព្យាបាលអប់រំនៅមូលដ្ឋានបន្តទៀត។
ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការ ចូលរួមសហការផ្តល់ព័ត៌មានពីគ្រប់មជ្ឈដ្ឋាន ដល់សមត្ថកិច្ចនគរបាល ជាមួយនេះសូមអំពាវនាវដល់ប្អូនៗយុវជន យុវតី ទាំងអស់មេត្តាកុំយកគំរូដែលមិនល្អ ដូចក្នុងករណីមួយនេះ ដែល នាំបង្កឱ្យប៉ះពាល់ដល់កិត្តិយសបុគ្គល ក៏ដូចក្រុមគ្រួសារផងដែរ ៕
មតិយោបល់