ព័ត៌មានជាតិ

រថយន្តបើកឆ្លងផ្លូវ ត្រូវរថភ្លើងបុក បណ្តាលឲ្យខូចស្តុបផ្នែកខាងក្រោយ

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលរថយន្តបើកឆ្លងផ្លូវរថភ្លើង ស្របពេលរថភ្លើងឆ្លងកាត់បើកចំហសត្វក្រោយ បណ្តាលឲ្យរងការខូចខាត បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៣៥នាទីរសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវបេតុង ភូមិសាមគ្គី ក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តកាមរី ពណ៌ស មួយគ្រឿង ពាក់ផ្លាកលេខ ឆ ៥៨៣២ ភព២ បានធ្វើដំណើរពីកើតទៅលិច ឆ្លងកាត់ផ្លូវរថភ្លើង ពេលឆ្លងជិតផុត ស្រាប់តែផ្នែកខាងមុខមានការកកស្ទះចរាចរណ៍ ទៅមុខលែងរួច ស្របពេលនោះរថភ្លើងក៏ធ្វើដំណើរឆ្លងកាត់ ក៏ជ្រុលទៅបុកស្តុបរថយន្តផ្នែកខាងក្រោយ បណ្តាលឲ្យរងការខូចខាតស្តុបអស់មួយចំហៀង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំងកន្លែងកើត ដើម្បីសម្រួលចរាចរណ៍ ការពារការកកស្ទះ ដោយឲ្យភាគីទាំងសងខាង ធ្វើការសម្របសម្រួលគ្នា ដោយភាគីទាំងសងខាងមិនចង់វែងឆ្ងាយ ទើបសម្រេចបញ្ចប់រឿងនៅកន្លែងកើតហេតុ ដោយគ្មានសំណង និងជួសជុលរៀងៗខ្លួន ៕

មតិយោបល់