បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា បុរសម្នាក់ត្រូវបានគេប្រទះឃើញ ដេកស្លាប់វេលាម៉ោង០៥ព្រឹក ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ នៅនឹងដីក្បែរគ្រែមុខខ្ទមគ្មានមនុស្សនៅ ស្ថិតក្នុងភូមិអូរសំព័រ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
ប្រភពព័ត៌មានពីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំអូរសំព័រ បានចុះស្រាជ្រាវ បុរសដែលដេកស្លាប់មានឈ្មោះ ប្លង់ អាយុប្រហែល៥០ឆ្នាំ ។ តាមការបំភ្លឺពីឈ្មោះ លឹម ប៊ុន ភេទស្រី អាយុ៦៥ឆ្នាំ រស់នៅជិតកន្លែងកើតហេតុ បានអោយដឹងថា ឈ្មោះ ប្លង់ នេះជាមនុស្សត្រាច់ចរដើរដេកគ្មានកន្លែងច្បាស់លាស់ និងផឹកស្រាស្រវឹងជាប្រចាំ ។ ហើយមុនកើតហេតុឈ្មោះ ប្លង់ នេះ បានផឹកស្រានៅក្នុងវត្ត ហើយត្រូវចាស់ៗ ក្នុងវត្តដេញចេញក៏មក ដេកនៅក្នុងខ្ទមកើតហេតុខាងលើ រហូតម៉ោងប្រហែល០៥ព្រឹក ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ពេលឈ្មោះ លឹម ប៊ុន ងើបដំាបាយ ចុចពិលក៏ឃើញឈ្មោះ ប្លង់ នេះដេកស្លាប់នៅនឹងដីក្បែគ្រែ ។
ប្រភពដដែលបានបញ្ជាក់ថា យោងតាមការពិនិត្យសាកសព ដែលមានសមាសភាពចូលរួមខាងលើ គឺពុំឃើញមានស្នាកស្នាមអ្វី ដែលពាក់ព័ន្ធនឹងករណីឃាតកម្មទេ ។
តាមការសន្និដ្ឋានរបស់មន្រ្តីពេទ្យបង្អែក បានអោយដឹងថា បុរសខាងលើ ស្លាប់ដោយសារខ្យល់គឬគាំងបេះដូង ។ ដោយសារសពគ្មានអត្តសញ្ញាណច្បាស់លាស់ និងគ្មានសាច់ញាតិ សពត្រូវបានប្រគល់ជូនអាជ្ញាធរមូលដ្ឋាន ដើម្បីចាត់ចែងបន្តតាមទំនៀមទំលាប់ប្រពៃណី ៕
មតិយោបល់