សៀមរាបៈ ស្ត្រីជាប្រពន្ធ និងម្តាយ បានយំបោកខ្លួន រហូតសន្លប់ ជាច្រើនដង ខណៈពេលដែលឃើញ ប្តីនិងកូនជាទីស្រលាញ់ បានបាត់បង់ជីវិត ដោយសារលង់ទឹកស្រះក្បែរផ្ទះ យ៉ាងសោកសង្រេងបំផុត កាលពីល្ងាចថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្លូវលំគ្រួសក្រហម ក្នុងភូមិស្វាយ ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។
បើតាមការឲ្យដឹងពី លោកវរសេនីយ៍ត្រី ទេព ពុំសែន អធិការនគរបាលស្រុក ពួកបានឲ្យដឹងថា ករណីឪពុក និងកូនលង់ទឹកនេះ គឺមានស្រះជម្រៅ៤ម៉ែត្រ ទំហំ៤គុណ១៣ម៉ែត្រ ស្ថិតនៅខាងជើងផ្ទះជនរងគ្រោះ ប្រហែល១៥០ម៉ែត្រ ដែលឪពុកនាំ កូនទៅស្រោច ដំណាំដូង ដែលទើបនិងដាំថ្មី ក្នុងភូមិឃុំខាងលើ។
លោកបន្តថា ជនរងគ្រោះដែលបានស្លាប់ ក្នុងករណីខាងលើនេះមាន ទី១-ឈ្មោះ ឈួន ដុល្លា ហៅចិន ភេទប្រុស អាយុ៤៦ឆ្នាំ មានមុខរបរជាបុគ្គលិកសណ្ឋាគារ ។ ទី២-ឈ្មោះ ឆាង ឆៃណា ភេទប្រុស អាយុ១២ឆ្នាំ មុខរបរសិស្ស(កូន) ។
លោកអធិការនគរបាលស្រុក បានបញ្ជាក់ថា ហេតុការណ៍នេះ ត្រូវបានក្មេងៗឃ្វាលគោ ឃើញហើយបានរត់ទៅប្រាប់អ្នកភូមិដែលនៅក្បែរ នោះឲ្យជួយសង្គ្រោះ តែអកុសលឪពុក និងកូនបានដាច់ខ្យល់ ស្លាប់បាត់ទៅហើយ ។ តាមការពិនិត្យសាកសព របស់កម្លាំងសមត្ថកិច្ចនគរបាល និងប្រជាពលរដ្ឋ ដែលបានទៅស្រង់ជនរងគ្រោះ បានសន្និដ្ឋានថា ប្រហែលជាឪពុក រវល់ស្រោចដំណាំរីឯកូនទៅលេងទឹក ហើយក៏បានលង់ទឹក បន្ទាប់មកឪពុកទៅជួយតែជួយមិនបានទើបបណ្ដាលឲ្យស្លាប់ទាំង២នាក់ សពមានសភាពអោបគ្នាជាប់។ បច្ចុប្បន្នសពត្រូវបាន ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី៕
មតិយោបល់