ព័ត៌មានជាតិ

នារីខ្មែរម្នាក់ ជិះរថយន្តជាមួយបុរសជនជាតិចិន ត្រូវគូដណ្តឹងនាងឃើញជិះម៉ូតូដេញតាម កើតជាអំពើហិង្សា ផ្អើលដល់សមត្ថកិច្ច

ភ្នំពេញៈ នៅវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ មានករណីគួរឲ្យភ្ញាក់ផ្អើលមួយកើតឡើង បុរសម្នាក់ជិះម៉ូតូ ដេញតាមស្ទាក់រថយន្ត១គ្រឿង បន្ទាប់ពីឃើញគូដណ្ដឹងរបស់ខ្លួន ជិះជាមួយបុរសជនជាតិចិន ស្ថិតត្រង់ចំណុចខាងមុខភោជនីយដ្ឋាន K&S តាមបណ្ដោយផ្លូវលេខ៤៣២ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុ គេឃើញបុរសជនជាតិចិនម្នាក់ និងនារីខ្មែរម្នាក់ នៅក្នុងរថយន្ត១គ្រឿងតែ២នាក់ ម៉ាកកាមារីឆ្លាម ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2G-4328 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៤៣២ ទិសដៅពីលិចទៅកើត ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូ១គ្រឿងម៉ាក YAMAHAQBIX ពណ៌ខ្មៅ លាយខៀវ ពាក់ផ្លាកលេខភ្នំពេញ 1GQ-6559 ដេញតាមរថយន្ត ពេលដល់ត្រង់ចំណុចកើតហេតុ ក៏បានជិះឈប់ស្ទាក់ពីមុខរថយន្ត ភាគីខាងម៉ូតូ ក៏បានចុះដោះមួកសុវត្ថិភាព ធ្វើសកម្មភាព វាយកញ្ចក់រថយន្តបណ្តាលឲ្យបែកផ្នែកខាងមុខ និងចំហៀងខាងឆ្វេង ឲ្យរងការខូចខាត ភ្លាមៗនោះនារី ដែលជិះនៅលើរថយន្តជាមួយជនជាតិចិននោះ បានចេញមកខាងក្រៅនិយាយជាមួយនឹងបុរសជាម្ចាស់ម៉ូតូខ្លាំងៗ បង្កការភ្ញាក់ផ្អើល ដល់សមត្ថកិច្ច ។

ហេតុការណ៍ខាងលើនេះ ភាគីខាងម៉ូតូនិយាយរៀបរាប់ថា គាត់និងនារីជិះរថយន្តជាមួយជនជាតិចិននោះ ត្រូវជាគូដណ្ដឹងរបស់ខ្លួន ដោយមិនទាន់បានរៀបការនោះទេ ដោយសារតែជំងឺកូវីដ១៩ ប៉ុន្តែពួកគាត់ទាំងពីរនាក់បានរៀបចំពិធីសែនព្រេន មួយរយៈនេះគូដណ្ដឹងរបស់គាត់ បានចូលធ្វើការនៅក្នុងក្រុមហ៊ុនឯកជនមួយកន្លែង ដោយចេញពីធ្វើការនៅវេលាម៉ោង៥ល្ងាច តែគូដណ្ដឹងគាត់ តែងតែធ្វើការថែមម៉ោងបន្ថែមទៀតរហូតដល់យប់ជ្រៅ និងមានការចូលរួមកម្មវិធីជួបជុំផឹកស៊ីជាមួយក្រុមការងារ របស់នាងដល់យប់ជ្រៅទៀតផង ។ លុះដល់ថ្ងៃកើតហេតុ នារីជាគូដណ្ដឹងក៏បានប្រាប់គាត់ថា ថ្ងៃនេះប្រហែលជាម៉ោង៩យប់ ទើបនាងត្រឡប់ទៅដល់ផ្ទះ ព្រោះមានការហូបចុកបន្តិចបន្តួចជួបជុំជាមួយក្រុមការងារ ដោយចាំយូរពេក បុរសខាងលើគាត់ក៏បានទាក់ទងសួរនាំ ឲ្យនារីគូដណ្ដឹងធ្វើការ sharelocation មកឲ្យគាត់ជិះម៉ូតូតាម location រហូតទាន់ និងឃើញបុរសជនជាតិចិន ត្រូវជាមេបានយកដៃបិចថ្ពាល់នារីជាគូដណ្ដឹងរបស់គាត់ ធ្វើឲ្យគាត់ខឹងយ៉ាងខ្លាំង ក៏បង្កជាហិង្សាកើតឡើង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនៅក្នុងមូលដ្ឋាន លោកក៏បានចុះទៅអន្តរាគមន៍ ដល់កន្លែងកើតហេតុ ដើម្បីឲ្យភាគីទាំងសងខាង ធ្វើការសម្របសម្រួលគ្នា ។ បន្ទាប់មកគូទំនាស់ទាំងសងខាង ក៏ធ្វើដំណើរចេញពីកន្លែងកើតហេតុរៀងៗខ្លួន ៕

មតិយោបល់