ព័ត៌មានជាតិ

មន្រ្តីយោធាម្នាក់ យកខ្សែអង្រឹងពណ៌ត្រេអ៊ី ចងភ្ជាប់នឹងបង្កាន់ដៃជណ្តើរ ធ្វើអត្តឃាតខ្លួន បណ្តាលឲ្យបាត់បង់ជីវិត

​បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា​ បុរស​ម្នាក់​មាន​ជំងឺសរសៃប្រសាទ​ ផឹកស្រា​ស្រវឹង​ គិត​ខ្លី​ចងក​សម្លាប់​ខ្លួន​ជាមួយ​ខ្សែ​អង្រឹង ​ពណ៌​ត្រេ​អ៊ី​នឹង​បង្កាន់ដៃ​ជណ្ដើរ​ក្បែរ​ផ្ទះ​ នៅ​ចំណុច​ផ្ទះ​លេខ​០០៣​ ក្រុម​ទី​០១​ ភូមិ​រតនៈ​ សង្កាត់​រតនៈ​ ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង​ កាលពី​ថ្ងៃ​ទី​០៤​ ខែមិថុនា​ ឆ្នាំ​ ២០២១​ នៅ​វេលា​ម៉ោង​១២​និង​១០​នាទី ​។​

សព​ជន​រង​គ្រោះ​ឈ្មោះ​ មាស​ រតនៈ​ ភេទ​ប្រុស​ អាយុ​ ៣៦​ឆ្នាំ​ មាន​ទីលំនៅ​កន្លែង​កើតហេតុ​ខាងលើ​ មុខរបរ​ យោធា​ (​លេខាធិការដ្ឋាន​យោធភូមិ​ភាគ​ទី​៥)​ ។​

​តាម​ការ​បំភ្លឺ​របស់​ឈ្មោះ​ ហៀ​ក​ សា​ខន​ (​បងថ្លៃ​សព​)​ ភេទ​ប្រុស​ អាយុ​ ៣៩​ឆ្នាំ​ មាន​ទីលំនៅ​ស្នាក់​នៅផ្ទះ​លេខ​០០៣​ ក្រុម​ទី​០១​ ភូមិ​រត​នៈ សង្កាត់​រត​នៈ​ ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង​ មុខរបរ​ បុគ្គលិក​ធនាគា​អេ​ស៊ី​លី​ដា​ បាន​បញ្ជាក់​ថា​ នៅ​ថ្ងៃ​ទី​០៤​ ខែមិថុនា​ ឆ្នាំ​ ២០២១​ វេលា​ម៉ោង​០៧​និង​០៥​នាទី​ ខ្លួន​និង​ប្រពន្ធ​របស់​ខ្លួន​បាន​ចេញ​ទៅ​ធ្វើការ​ ដោយ​អោយ​ប្អូនថ្លៃ​ឈ្មោះ​ មាស​ រត​នៈ​ (​សាកសព​)​ នៅ​ចាំផ្ទះ​ម្នាក់ឯង​ លុះដល់​ម៉ោង​១២​និង​១០​នាទី​ ថ្ងៃ​ដដែល​ខ្លួន​បាន​មក​ដល់​ផ្ទះ​ក៏​បានឃើញ​ប្អូនថ្លៃ​ឈ្មោះ​ មាស​ រត​នៈ​ (​សាកសព​)​ ចងក​និង​បង្កាន់ដៃ​ជណ្ដើរ​ក្បែរ​ផ្ទះបាយ​ស្លាប់​បាត់​ទៅ​ហើយ ​។​ បងថ្លៃ​ជន​រង​គ្រោះ​បាន​បញ្ជាក់​អោយ​ដឹង​ទៀតថា​ កន្លង​មក​ប្អូនថ្លៃ​របស់​ខ្លួន​មាន​ជំងឺ​ប្រចាំ​កាយ​ជា​យូរ​មក​ហើយ​ (​សរសៃប្រសាទ​)​ មិន​អាច​ធ្វើការ​ងារ​បាន​ហើយ​តែងតែ​ផឹកស្រា​ជា​ប្រចាំ​ ។​

​ដោយ​ឆ្លង​តាម​ការ​ចុះ​ត្រួតពិនិត្យ​នៅ​កន្លែង​កើតហេតុ​ និង​សាកសព​របស់​ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ​ មាស​ រតនៈ​ សមត្ថកិច្ច​អាច​សន្និដ្ឋាន​បាន​ថា​ ជន​រង​គ្រោះ​ពិតជា​ចងក​សម្លាប់​ខ្លួន​ ពិតប្រាកដ​មែន​ ។​

​បច្ចុប្បន្ន​ សាកសព​ត្រូវ​បាន​គ្រួសារ ​យក​ទៅ​ធ្វើ​ពិធីបុណ្យ​តាម​ប្រពៃណី​ ៕

មតិយោបល់